Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាក់ហ្គាសបង្កើនល្បឿន! ពាក្យនេះធ្លាប់ឮពេលលេងហ្គេមប្រណាំងឡាន ហេតុអ្វីអត់ដែលឃើញមានលើឡានធម្មតា?

  • Print

ជិតដល់ទីហើយ ដាក់ហ្គាសទៅ! ឃ្លានេះ ប្រិយមិត្តលេងហ្គេមប្រណាំងឡានប្រហែលជាធ្លាប់ឮ ក៏ដូចជាធ្លាប់និយាយផងដែរ ប៉ុន្តែអ្នកដឹងឬទេថាអ្វីជាការដាក់ហ្គាសនោះ?

ហើយវាពិតជាមានមែននៅក្នុងពិភពពិត ឬក្នុងទីលានប្រណាំងមែនឬយ៉ាងណា? អញ្ចឹងមកយល់ដឹងបន្ថែមពីបច្ចេកវិទ្យាមួយនេះជាមួយ Sabay ទាំងអស់គ្នា។ មុននឹងឈានចូលទៅដឹងអំពីហ្គាសបង្កើនល្បឿនរថយន្ត Sabay នឹងពន្យល់អំពីដំណើរការនៃម៉ាស៊ីនរថយន្តជាមុន ដើម្បីងាយយល់អំពីតួនាទីរបស់ហ្គាស។

ធម្មតាម៉ាស៊ីនចំហេះសព្វដែលមានបំពាក់លើរថយន្តឥណ្ធនៈទូទៅ គឺដំណើរការដោយបន្ទុះ នៃល្បាយប្រេងឥណ្ធនៈ ជាមួយនឹងខ្យល់បង្កើតបានជាបន្ទុះ ឈានទៅបង្កើតជាកម្លាំង។ ហើយកាន់តែងាយយល់ បន្ទុះកាន់តែខ្លាំង កម្លាំងនៃម៉ាស៊ីនក៏កើនឡើងដូចគ្នា។

ជាក់ស្តែងយើងឃើញមានបច្ចេកវិទ្យា Turbo និង Supercharge ដែលបច្ចេកវិទ្យាទាំងពីរនេះសុទ្ធតែមានមុខងារគោលស្រូបខ្យល់ពីខាងក្រៅឲ្យបានច្រើន ហើយបណ្ណែនចូលទៅក្នុងពីស្តុងដើម្បីឲ្យម៉ាស៊ីនផ្ទុះបានខ្លាំង ជាងម៉ាស៊ីនធម្មតាដែលមិនមានបច្ចេកវិទ្យានេះជំនួយ។

ផ្ទុយទៅវិញ ត្រឹមបណ្ណែនខ្យល់នៅក្នុងបរិយាកាសចូលក្នុងម៉ាស៊ីន នៅមិនទាន់អាចបង្កើនកម្លាំងបានគ្រប់នោះទេ ដោយជាក់ស្តែងចំហេះគឺត្រូវការអ៊ុកស៊ីសែនជាចាំបាច់ ហើយក្នុងខ្យល់បរិយាកាសគឺមានបរិមាណអុកស៊ីសែនត្រឹម ២១ភាគរយប៉ុណ្ណោះ។ អញ្ចឹងហើយទើបគេត្រូវការរកឧស្ម័នប្រភេទផ្សេងដែលមានបរិមាណអុកស៊ីសែនច្រើនជាងក្នុងបរិយាកាស។

មែនហើយនោះគឺ nitrous oxide ដែលភាសាក្នុងហ្គេមយើងតែងតែហៅថាហ្គាស។ ឧស្ម័ននេះផ្សំឡើងដោយរូបមន្តគីមី N2O ដូច្នេះមានន័យថាក្នុង១ម៉ូលេគុល យើងទទួលបាន ឧស្ម័ននីត្រូសែនចំនួន ២អាតូមអមដោយឧស្ម័នអុកស៊ីសែន ១អាតូម ដែលធ្វើឲ្យប្រភេទឧស្ម័ន nitrous oxide មានកម្រិតឆេះល្អជាងខ្យល់បរិយាកាស។

ប៉ុន្តែចុះហេតុអ្វីគេមិនប្រើធុងអុកស៊ីសែនសុទ្ធ ១០០ភាគរយបាញ់ចូលក្នុងម៉ាស៊ីនតែម្តងទៅ ហេតុអ្វីចាំបាច់ប្រើ nitrous oxide អីវែងឆ្ងាយម្លេះ? នេះគឺដោយសារតែអុកស៊ីសែនឆាប់ឆេះពេក ដោយវាអាចនឹងឆេះមុននឹងចូលទៅដល់ក្នុងពីស្តុងទៅទៀតដោយសារស្ថិតក្នុងមជ្ឈដ្ឋានកម្តៅខ្លាំងនៃម៉ាស៊ីនរថយន្ត ខុសពី nitrous oxide ដែលនឹងផ្ទុះតែនៅពេលដែលវាក្លាយជាល្បាយសព្វជាមួយនឹងប្រេងឥណ្ធនៈប៉ុណ្ណោះ។

និយាយពីការប្រើប្រាស់ជាក់ស្តែង បច្ចេកវិទ្យានេះពិតជាមាននៅលើពិភពរថយន្តពិតមែន ហើយវាអាចបង្កើនកម្លាំងបានពី ៥០ ទៅ ៣០០សេះ បន្ថែមពីលើកម្លាំងម៉ាស៊ីនដែលមានស្រាប់ ទៅតាមចំនួននៃការបាញ់បញ្ចូលឧស្ម័ន nitrous oxide ចូលក្នុងម៉ាស៊ីន ក៏ដូចជាទំហំរបស់ម៉ាស៊ីនរថយន្តជាក់ស្តែង។

ទោះវាអាចបង្កើនកម្លាំងបានមែន ប៉ុន្តែគេនៅតែមិនអាចប្រើវាក្នុងប្រភេទរថយន្តទូទៅបានឡើយ ដោយសារវាក៏បង្ករគ្រោះថ្នាក់ផងដែរ ដោយបង្កើតជាការផ្ទុះម៉ាស៊ីន ជាដើមដូចដែលយើងឃើញមានក្នុងរឿង Fast and Furious អញ្ចឹងដែរ។ គេអាចប្រើវាសម្រាប់តែការប្រណាំងខ្លីៗប្រភេទ Drag Race ប៉ុណ្ណោះ ម៉្យាងទៀតឧស្ម័ននេះក៏ថ្លៃណាស់ដែរ។

អញ្ចឹងខាងលើនេះគឺជាមុខងារពិតរបស់ nitrous oxide ដែលយើងហៅរត់មាត់ថាដាក់ហ្គាសនោះ។ ចុះប្រិយមិត្តវិញ ធ្លាប់មានអនុស្សាវរីយយ៉ាងណាខ្លះជាមួយនឹងហ្គេមប្រណាំងឡាន ក៏ដូចជាការដាក់ហ្គាសដើម្បីបង្កើនល្បឿនឆាប់ដល់ទី កុំភ្លេចប្រាប់ពួកយើងនៅក្នុងខំមិនផង៕

ដកស្រង់ពី៖Sabay