Social Network

លាន អាហ្វ្រីលគីនីន ជំពាក់លុយគេ មិនមែនជារឿងថ្មី តែអ្វីដែលថ្មី គឺសង្សារលោក ឈ្លោះអ្នកឈឺឆ្អាលបែកផ្សែង

មិនមែនជារឿងថ្មីទេដែលអតីតពិធីករ លាន អាហ្វ្រីលគីនីន មានងារជាឧកញ៉ា ធ្លាយរឿងអាស្រូវជំពាក់លុយគេរាប់ម៉ឺនដុល្លារ។

ប៉ុន្ដែម្ដងនេះមាននារីម្នាក់ដែលជាសង្សារបស់លោក បានចេញមុខឈឺឆ្អាល ហើយថែមទាំងព្រមានអ្នកចេះដឹងរឿងគេ ថាប្រយ័ត្នឲ្យសមត្ថកិច្ចចាប់ទៅវាស់កម្ពស់។ បុរសម្នាក់ឈ្មោះ ប៊ី សិក្ខារិទ្ធ បានបកអាក្រាត លាន អាហ្វ្រីលគីនីន តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ឯកសារបញ្ជាក់ចេញដោយធនាគារ ABA ថាមូលប្បទានប័ត្រដែលចេញដោយ អាហ្វ្រីលគីនីន គ្មានសាច់ប្រាក់។

ក្រោយពីទម្លាយរឿងនេះ ក៏មានមនុស្សជាច្រើនបានចូលទៅcomment រិះគន់អាហ្វ្រីលគីនីន ប៉ុន្ដែត្រូវបាននារីម្នាក់ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡានត្រូវជាសង្សាររបស់លោក លាន អាហ្វ្រីលគីនីន បានប្រតិកម្មយ៉ាងចាស់ដៃទៅកាន់អ្នករិះគន់ទាំងនោះភ្លាមៗ។ ការប្រតិកម្មដោយពុំមានដំណោះស្រាយរឿងជំពាក់បំណុលគេ បែរជាធ្វើឲ្យមហាជនកាន់តែរិះគន់រូបនាង និងលោកឧកញ៉ា លាន អាហ្វ្រីលគីនីន។

អ្នកខ្លះលើកឡើងថា មិនក្ដៅជាមួយអ្នកបង្ហោះ ឬដោះស្រាយឲ្យចប់រឿងជាមួយម្ចាស់បំណុល បែរជាមកក្ដៅប្រហាយជាមួយអ្នកក្រៅសាច់រឿងទៅវិញ។ Sabay បានព្យាយាមទាក់ទងឧកញ៉ា លាន អាហ្វ្រីលគីនីន តាំងពីល្ងាចថ្ងៃទី២៥ មកទល់និងព្រឹកថ្ងៃទី២៦ ខែឧសភា នេះ ប៉ុន្ដែលោកមិនបានឆ្លើយតបអ្វីទេទាំងតាមទូរស័ព្ទ និងសារឡេឡិចត្រូនិច្ច។

ដកស្រង់ពី៖ Sabay