Social Network

Corolla Altis GR Sport 2022 ចេញហើយ ជិះ១០០គ.ម ស៊ីសាំង ៤លីត្រ តម្លៃជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានបន្ថែម option ថ្មីមួយទៀត លើ Corolla Altis ឆ្នាំ២០២២ គឺ GR Sport ដែលត្រូវបានឌីហ្សាញតុបតែងបន្ថែមឱ្យរថយន្តមើលទៅជាបែបស្ព័រ ហើយប្រើទាំងសាំងសុទ្ធ និង Hybrid។រថយន្តនេះ ត្រូវបានដេគ័របន្ថែមដោយកែបូមឱ្យការបើកបរស័ក្តិសមនឹងប្រភេទស្ព័រ។

កញ្ចប់ GR Sport ដែលដាក់លើរថយន្តនេះ ដូចជា កាងមុខកាងក្រោយ ប៉ាណា អំពូលកាត់ស័ព្ទឌីហ្សាញបែបថ្មី កង់ទំហំ ១៧អ៊ីញ និងឡូហ្គូ GR Sport។ចំណែកផ្នែកខាងក្នុងកាប៊ីន គឺមានកៅអីស្បែកថ្នេរក្រហម ប៊ូតុងបញ្ឆេះរថយន្តរំលេចដោយឡូហ្គូ GR មានរន្ធសាកថ្ម USB C នៅស្នូកកណ្តាល ហើយថែមទាំងមានអេក្រង់ Head-up display ដែលបង្ហាញព័ត៌មានបើកបរ ដល់តៃកុងផ្ទាល់ និងបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen និងកុងទ័រឌីជីថល ព្រមទាំងមុខងារ Paddle Shift ផងដែរ។

រថយន្តCorolla Altis GR Sport ឆ្នាំ២០២២ បានបំពាក់ប្រព័ន្ធសុវត្ថិភាពឈានមុខរបស់ Toyota តែម្តង គឺ Safety Sense រួមមានប្រព័ន្ធគ្រប់គ្រងល្បឿន, ប្រព័ន្ធឱ្យសញ្ញាមុនប៉ះទង្គិចគ្នា, ប្រព័ន្ធឱ្យសញ្ញាពេលរថយន្តចេញពីគន្លង និងប្រព័ន្ធភ្លើងបំភ្លឺបានឆ្ងាយ។

រថយន្តនេះ មានជម្រើសប្រើម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ផលិតបានកម្លាំង ១៤០សេះ និងកម្លាំងរមួល ១៧៧ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ CVT-i ៧វគ្គ ឬជម្រើសប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនី ដែលផលិតបានកម្លាំងសរុប ១២២សេះ។

ចំពោះជម្រើសម៉ាស៊ីន Hybrid នេះ គឺមានភាពសន្សំសំចៃដោយ ១០០គីឡូម៉ែត្រស៊ីសាំង ៤,២៩លីត្រ។Toyota បានដាក់លក់រថយន្ត Corolla Altis នេះ នៅប្រទេសថៃ ដោយមានតម្លៃ ១ ០៥៩ ០០០បាត ឬ ៣២ ១០៥ដុល្លារ (សម្រាប់ជម្រើសម៉ាស៊ីនសាំង) និង ១ ១១៤ ០០០បាត ឬ ៣៣ ៧៩១ដុល្លារ (សម្រាប់ជម្រើសម៉ាស៊ីន Hybrid)៕

ដកស្រង់ពី៖sabay