ប្រវត្តិព័ត៌មាន មិនច្បាស់លាស់នៃប្រាសាទតុប ខេត្តសៀមរាប
- Details
- Category: Other News
សម័យអង្គរ មានប្រាង្គប្រាសាទ ជាច្រើននៅ ខេត្តសៀមរាប បច្ចុប្បន្ននេះ ដែលមានទាំងប្រាសាទធំ និងមានទាំងប្រាសាទតូច ។
ប៉ុន្តែចំពោះ ពពួកប្រាសាទធំ ឬប្រាសាទសំខាន់ៗ គេតែងបានធ្វើការ សិក្សាស្រាវជ្រាវ រកឃើញអំពីប្រវត្តិ ព័ត៌មានបានច្បាស់លាស់ ។ ដោយឡែកចំពោះ ប្រាសាទតូច តាចខ្លះទៀត ជួនកាលគេមិន បានដឹងពីព័ត៌មាន ច្បាស់លាស់នោះដែរ ។ ជាក់ស្តែងដូចប្រាសាទ តុបក៏ជាប្រាសាទតូច ហើយមិនសូវមាន ឈ្មោះបោះសំឡេង នឹងគេនោះទេ ជាពិសេសចំពោះ ប្រវតិ្តព័ត៌មាននោះ ក៏មិនច្បាស់លាស់ ទៀតផង ។
បន្ទាប់ទៅនេះ ខ្ញុំនឹងនឹងសាកល្បង បង្ហាញអំពីប្រាសាទ តុប ដែលមានព័ត៌មាន បន្តិចបន្តួចផង និងការសន្និដ្ឋានផង ដូចខាងក្រោមនេះ ៖ បើផ្អែកតាមការបង្ហាញ ពីឯកសារតំបន់ ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា របស់លោក កែវ.ភួង ទំព័រ ១៣៣ បានឲ្យដឹងថា ប្រាសាទតុប មានទីតាំងនៅ ខាងលិចប្រាសាទបាយ័ន ពាក់កណ្តាលផ្លូវ ទៅទ្វារតា កៅឋិតនៅ ខាងឆ្វេងដៃ ។ ប្រាសាទនេះធ្វើពី ថ្មភក់បែរមុខ ទៅទិសខាងកើត លំអដោយ សសរពេជ្រ និងផ្តែទ្វារខាងត្បូង ធ្វើអំពីថ្មភក់ក្រហម មានក្បាច់ដូចប្រាសាទ បន្ទាយស្រីដែរ គឺកសាងក្នុងសតវត្សរ៍ ទី១០ នៃគ្រិស្តសករាជ។
ប្រាសាទនេះ កសាងឡើងដើម្បី ឧទ្ទិសដល់ព្រហ្មញ្ញ សាសនា តែក្រោយមក នៅសម័យកណ្តាលគឺ សម្រាប់ឧទ្ទិសថ្វាយ ព្រះពុទ្ធ សាសនាវិញ ដែលមានបន្សល់ ស្លាកស្នាម ជាកេរដំណែល នៃពុទ្ធសាសនា និងមានសីមា នៅព័ទ្ធជុំវិញ ។ ឯកសារដដែលបាន ពន្យល់ អំពីពាក្យថា តុបនេះ ដែលជាភាសាខ្មែរ នៅតាមតំបន់ ដូចពាក្យថា ដុប ឬព្រៃតូចៗ ដែលគេហៅថា " ម៉ាកណ្តុបពីរកណ្តុប " ហើយបានក្លាយ មកជាពាក្យថា តុបតមក ។
នៅមានប្រាសាទតុប មួយទៀតនៅ សៀមរាបដែរគឺ មានការបង្ហាញ ក្នុងទំព័រ ១៤៤ នៃឯកសារ ដដែលបានឲ្យដឹងថា មានទីតាំងខុសពីប្រាសាទ តុបខាងលើ ។ សេចក្តីបង្ហាញ បញ្ជាក់បានឲ្យដឹងថា ប្រាសាទ តុបឋិតនៅខាងជើងត្បូង ប្រាសាទប្រែរូបចម្ងាយប្រហែល ៥០០ម៉ែត្រ ឋិតនៅខាងជើងភូមិ បអែម ។
តាមអ្នកស្រុកចាស់ៗ ដែលភាគច្រើន រស់នៅជិតប្រាសាទនេះ បានមានប្រសាសន៍ថា ប្រាសាទនេះ មានឈ្មោះដើមថា "ប្រាសាទតម្កល់សព " និងមានការទាក់ទង ទៅនឹងរឿងព្រេង តាត្រសក់ផ្អែម ។ ត្រង់ចំណុចដែល មានប្រាសាទពីរ មានឈ្មោះជួនគ្នា តែមួយគឺ ប្រាសាទ តុបនេះ ទើបប្រាសាទនេះ គេយល់ថា មិនសូវមានប្រវតិ្ត ព័ត៌មានប្រាកដ ប្រជានោះទេ ឬហៅថាមិនច្បាស់លាស់ ទើបប្រាសាទនេះ មិនសូវមានភ្ញៀវ ចេញចូលទៅទស្សនា និងមិនសូវល្បីល្បាញនោះ ។
ប៉ុន្តែបើផ្អែក តាមប្រាសាទ តុបដែលមានទីតាំង នៅខាងលិចប្រាសាទ បាយ័ននោះឃើញថា មានប្រវត្តិព័ត៌មាន ច្រើនជាងប្រាសាទ តុប ដែលនៅខាងត្បូង ប្រាសាទប្រែរូប ។ ប៉ុន្តែប្រាសាទ តុបទាំងពីរនេះ ពុំមានកាលបរិច្ឆេទ ច្បាស់លាស់ នៃការកសាងនោះ ទេហើយមិនមានសិលា ចារឹកណាបានបង្ហាញថា ជាស្នាព្រះហស្ត កសាងដោយស្តេចអង្គណាឡើយ ។
ចំណែកប្រាសាទ តុប ដែលមានទីតាំង នៅខាងលិចប្រាសាទបាយ័ននេះ មានការបញ្ជាក់ថា ជាប្រាសាទឧទ្ទិស ដល់ព្រហ្មញ្ញ សាសនាហើយក្រោយមក បែរជាឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាវិញ ។ ត្រង់ចំណុចនេះ បានសេចក្តីថា មរតកនៃប្រាង្គប្រាសាទ បុរាណរបស់ខ្មែរជាសមិទ្ធផល បំរើអោយសាសនា ដែលជានិន្នាការ ក្នុងសង្គម ។
គឺនៅពេលដែល គេនិយមភាគច្រើន ទៅលើសាសនា ណានោះ ទីកន្លែងសម្រាប់ ធ្វើសក្ការបូជានោះ ក៏មានការប្រែប្រួល ទៅតាមសាសនានោះដែរ ។ ជាក់ស្តែងដូចប្រាសាទ តុបដែលពីមុន ឬពីគ្រាដំបូង មកគេនិយមកាន់ព្រហ្មញ្ញ សាសនាគឺ ទីនោះតែងមាន តម្កល់បដិមាព្រះអាទិទេព ឬទេវៈសំខាន់ៗ ។ ប៉ុន្តែនៅពេលគេគោរព ពុទ្ធសាសនានោះ គឺតួប៉មខាងក្នុងនោះ តែងមានតម្កល់ ព្រះពុទ្ធបដិមា ឬព្រះពោធិសត្វ លោកេស្វរៈ ជាដើមជំនួសវិញ ។
មិនថាតែប្រាសាទ តុបនោះទេ គឺប្រាសាទដទៃទៀត ក៏តែងមានបន្សល់ ស្លាកស្នាម នៃជំនឿនិងការគោរព តាមរយៈការប្រែប្រួល ឬផ្លាស់ប្តូរយ៉ាងនេះដែរ ៕
ដកស្រងពី៖កម្ពុជាថ្មី