Social Network

បណ្ដាំ​ម្ដាយ! វ័យ​១៨​ឆ្នាំ យុគ ដាពេជ្រ ទទួល​ដំបូន្មាន​ចំនួន​៣​ពី​ម្ដាយ ស្រប​ពេល​នាង​ប្រកែក​ថា​មិន​ដែល​មាន​ស្នេហា

គិតត្រឹមឆ្នាំ២០២១ នេះ យុគ ដាពេជ្រ ហៅស្រីអម ដែលជាកូនស្រីទោលរបស់ពិធីការិនី យុគ ចិន្ដា មានវ័យ១៨ឆ្នាំហើយ។

ពាក្យថា"ស្មោះត្រង់ និង"ចេះឲ្យតម្លៃ" ត្រូវបានពិធីការិនីរូបនេះ ប្រើគ្រប់បណ្ដាំប្រយោគសម្រាប់ទូន្មានកូនស្រីជាទីស្រឡាញ់។ ពិធីខួបកំណើតតូចមួយគេឃើញធ្វើនៅក្នុងភោជនីយដ្ឋាន"ចងចាំ" យប់មិញ។ អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបថតខ្លួនជាមួយកូនស្រីយ៉ាងស្និទ្ធស្នាលអមដោយនំខួបកំណើតយ៉ាងប្រណីត ដោយភ្ជាប់នូវបណ្ដាំសំខាន់ចំនួនបីដែលនាងថា"បណ្ដាំម្ដាយដែលកូនត្រូវតែចងចាំ"។

យុគ ចិន្ដា៖"ត្រូវមានអ្វីដែលជាខ្លួនឯង ឲ្យតម្លៃខ្លួនឯង។ ត្រូវមានភាពស្មោះត្រង់ជាមួយម្ដាយ ខ្លួនឯង និងមិត្តភ័ក្ដិ។ត្រូវចេះឲ្យតម្លៃមនុស្ស។ អរគុណកូនដែលចូលមកក្នុងជីវិតម្ដាយ"។ ទាំងកូន និងម្ដាយដែលជាគ្រួសារពិធីការិនីមួយនេះ មិនបានជូនពរ ឬប្រាថ្នាខ្លួនឯងឲ្យជួបអ្នកស្រឡាញ់ ឬយល់ចិត្តដូចតារាដទៃឡើយ ប៉ុន្តែចំពោះយុគ ចិន្ដា និងកូនស្រី បានប្រើឱកាសពិសេសរបស់ខ្លួនដើម្បីអប់រំកូន និងផ្ដល់តម្លៃឲ្យមនុស្សនៅជុំវិញខ្លួនទៅវិញ។

ជុំវិញបញ្ហានេះ យុគ ដាពេជ្រ ហៅស្រីអម ធ្លាប់ប្រាប់Sabay ថា នាងមិនធ្លាប់មានស្នេហា ហើយក៏មិនចង់គិតរឿងនេះដែរ បើទោះបីជាមានមិត្តភ័ក្ដិបានផ្គូផ្គង ឬចំអន់នាងលេងជាមួយមិត្តរួមថ្នាក់ក្ដី៕

ដកស្រង់ពី៖ Sabay