ជប៉ុន កំពុងអភិវឌ្ឍន៍ នាវាមុជទឹកជម្រៅ ១២គីឡូម៉ែត្រ ដើម្បីសិក្សា ពីបាតសមុទ្រ
- Details
- Category: Other News
តូក្យូ ៖ វិទ្យាស្ថានស្រាវជ្រាវ របស់ជប៉ុន កំពុងតែធ្វើការអភិវឌ្ឍ បច្ចេកវិទ្យារបស់ខ្លួនបន្ថែមទៀត ដោយនឹងពន្លឿនការ ផលិតនាវាមុជទឹក ប្រភេទថ្មីបំផុត មិនធ្លាប់មានលើលោក ដែលអាចធ្វើការមុជទឹក រហូតដល់ជម្រៅ ១២.០០០ ម៉ែត្រ ឯណោះ ដើម្បីធ្វើការសិក្សា ស្រាវជ្រាវបន្ថែមទៀត ពីស្ថានភាព នៅក្នុងបាតសមុទ្រ របស់ផែនដីយើងនេះ ។
ទីភ្នាក់ងារព័ត៌មាន ក្យូដូ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ នេះទៀតថា នាវាមុជទឹកជប៉ុន កំពុងធ្វើការ អភិវឌ្ឍនេះ មានឈ្មោះថា Shinkai 12000 ស្ថិតក្រោមគម្រោង របស់វិទ្យាស្ថាន បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនាវាចរណ៍ លើផែនដី (JAMSTEC) ដែលទទួល បន្ទុកលើការសាងសង់ និង អភិវឌ្ឍន៍លើបច្ចេកវិទ្យា ដែលមានស្រាប់ទៅហើយ នោះ ។ ពីមុននាវា ប្រភេទខាងលើនេះ អាចមុជក្នុង ជម្រៅទឹកបានតែ ៦.៥០០ម៉ែត្រប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ១៩៩១ Shinkai 6500 បានធ្វើការសិក្សាពី ស្ថានភាពភូមិសាស្ត្រនៃ បាតសមុទ្រ ជាពិសេស គឺពពួកជីវៈចម្រុះ ដែលមាននៅក្នុងបាតសមុទ្រ ប៉ាស៊ីហ្វិក, អាត្លង់ទិក, និង ឥណ្ឌា ជាដើម ។ ដោយឡែក សកម្មភាព នៃការមុជទឹក របស់នាវានោះ បានកើតមានចំនួន ១.៣០០ ដងរហូតដល់ឆ្នាំ ២០១២។ ចំពោះ Shinka 12000 អាច នឹងសម្រេចបានលទ្ធផល ជាផ្លូវការនៅក្នុងអំឡុងទសវត្សរ៍ ២០២០ ដែលអាចផ្ទុកមនុស្សបាន ៦នាក់ ហើយអាច ជ្រមុជទឹកបានរយៈពេលពីរថ្ងៃ ៕
ដកស្រង់់ពី៖ ដើមអម្ពិល