Social Network

គន្លឹះ​ទាំង​ ៥ ជួយ​ដល់​ការ​ថែទាំ​សំបក​កង់​រថយន្ត​

ពេលធ្វើដំណើរច្រើនក្នុងឱកាសថ្ងៃឈប់សម្រាកនានា គួរមានការយកទុកដាក់ខ្ពស់ ចំពោះសំបកកង់រថយន្ត។ បែបនេះ អាចជួយរក្សាគុណភាពសំបកកង់ប្រើបានយូរ និងបើកបរដោយទុកចិត្ត ព្រោះសំបកកង់ពាក់ព័ន្ធធំក្នុងការបញ្ជារថយន្ត។

១) បង្វិលសំបកកង់

អាចធ្វើការប្តូរសំបកកង់ក្រោយ ជាមួយនឹងផ្នែកខាងមុខ ពេលបើកបរលើដងផ្លូវពី ៥ ០០០ ទៅ ៨ ០០០ គីឡូម៉ែត្រ។ បែបនេះ អាចជួយបញ្ចៀសដល់ការផ្លាស់ប្ដូរសំបកកង់ថ្មី ដែលមិនចាំបាច់មុនពេល។

២) តម្រឹមយ៉ាន់រថយន្ត

បើសម្គាល់ឃើញថា រថយន្តរត់មិនត្រង់ផ្លូវ នេះមានន័យថា អ្នកត្រូវការតម្រឹមយ៉ាន់រថយន្តឡើងវិញ ដូចនេះរថយន្តអាចរត់លើបន្ទាត់ត្រង់បាន។ ការតម្រឹមយ៉ាន់រថយន្ត ក៏អាចជួយដល់សមត្ថភាពសំបកកង់រត់លើផ្លូវ ជាពិសេសពេលភ្លៀង។

៣) រក្សាតុល្យភាពសំបកកង់

នៅក្បែរចង្កូតរថយន្ត នឹងមានសញ្ញាបង្ហាញថាសំបកកង់មិនមានតុល្យភាពទម្ងន់ ជាធម្មតាអាចសម្គាល់ឃើញពេលប្រើល្បឿនលឿន។ បែបនេះសំបកកង់នឹងឆាប់ខូចគុណភាព ហើយក៏អាចគ្រោះថ្នាក់ផងដែរ ពេលបើកបរ។

៤) មើលក្រឡាសំបកកង់

សំបកកង់ថ្មី មានជម្រៅពី ៨ ទៅ ៩ មីលីម៉ែត្រ ហើយបើពិនិត្យឃើញថានៅសល់ជម្រៅតែ ៣មីលីម៉ែត្រ គួរពិចារណាផ្លាស់ប្ដូរថ្មី។ ជម្រៅរាក់ពេក អាចបង្កើនចម្ងាយនៅពេលជាន់ហ្វ្រាំងឈប់ ហើយក៏ពិបាកបញ្ជាផងដែរ ពេលភ្លៀង ឬដីសើម។

៥) រក្សាសំពាធខ្យល់

ខ្យល់កង់រថយន្ត តឹង ឬធូរពេក អាចបង្កើនកម្រិតប្រើប្រាស់សាំង ហើយក៏ធ្វើឲ្យសំបកកង់ឆាប់អស់គុណភាពផងដែរ។ គួរមានឧបករណ៍វាស់សំពាធខ្យល់ ដោយខ្លួនឯងងាយស្រួលត្រួតពិនិត្យ និងប្រើតាមកម្រិតដែលបានណែនាំដោយអ្នកជំនាញ៕

ដកស្រង់ពី៖sabay