Social Network

មិនទាន់អីផង ធ្លាយរូបភាពផ្លូវការរបស់ Galaxy Note20 បាត់!

នៅសល់រយៈពេលប្រមាណមួយខែទៀតទើប Samsung ប្រកាសចេញ Galaxy Note20 ជាផ្លូវការ ពោលគឺនៅអំឡុងដើមខែសីហាខាងមុខនេះ។

ប៉ុន្តែពេលនេះមានការលេចធ្លាយរូបភាពផ្លូវការពីរសន្លឹក ដែលគេជឿជាក់ថាជារូបរាង Galaxy Note20 Ultra។រូបភាពទាំងពីរសន្លឹកនេះ បានបង្ហាញអំពីរូបរាងខាងក្រោយរបស់ Galaxy Note20 Ultra ដែលមានផ្ទាំងកាមេរ៉ាទំហំធំ និងមានបំពាក់កាមេរ៉ាចំនួនបីគ្រាប់ ដូចគ្នានឹងរូបភាពមិនផ្លូវការដែលលេចធ្លាយកន្លងមកដែរ។

គេជឿជាក់ថា Galaxy Note20 Ultra នឹងមានបំពាក់កាមេរ៉ាមេទំហំ ១០៨MP ដូចមានលើ Galaxy S20 Ultra ប៉ុន្តែមានបន្ថយសមត្ថភាព Zoom Digital មកនៅត្រឹម 50X វិញ។ ចំណែកពីរគ្រាប់ទៀតអាចជាកាមេរ៉ា Periscope ទំហំ ១៣MP និងកាមេរ៉ា Ultra-Wide ទំហំ ១២MP។

នៅក្បែរកាមេរ៉ាទាំងបីមានជាភ្លើង LED និងប្រព័ន្ធ Laser Autofocus។ចំពោះលក្ខណៈសម្បត្តិវិញ គេរំពឹងថា Note20 Ultra នឹងប្រើប្រាស់ឈីប Snapdragon 865 សម្រាប់លក់នៅអាមេរិកខាងជើង, ចិន និងកូរ៉េខាងត្បូង ហើយបន្ទះឈីប Exynos 992 សម្រាប់លក់នៅអឺរ៉ុប និងទីផ្សារដទៃទៀត។ក្រៅពី Galaxy Note20 ធម្មតា និង Note20 Ultra ដែលប្រកាសចេញនាដើមសីហា គេក៏រំពឹងថា Samsung នឹងប្រកាសចេញ Galaxy Fold 2 និង Galaxy Z Flip 5G ក្នុងពេលជាមួយគ្នាផងដែរ៕

ដកស្រង់ពី៖sabay