អ្នកគាំទ្រនាំគ្នាបារម្ភពីសុវត្ថិភាពរបស់ Lisa ក្រោយមានអ្នកគំរាមសម្លាប់
- Details
- Category: Other News
អ្នកគាំទ្រជនជាតិចិន បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនលើ Weibo ទាក់ទងពីសុវត្ថិភាពរបស់តារាចម្រៀង K-Pop ជនជាតិថៃ Lisa (ក្រុម BLACKPINK)។
មានឈ្មោះជាតារាល្បីទូទាំងពិភពលោក BLACKPINK ទទួលទាំងការចូលចិត្ត និងមតិរិះគន់សព្វបែបយ៉ាង។ សម្រាប់ Lisa ស្របពេលបង្ហាញមុខក្នុងកម្មវិធី «Youth With You» រដូវកាលទី២ក្នុងនាមជាគ្របង្វឹក របស់បេក្ខនារីដែលចូលរួមប្រកួត នាងទទួលបានការសរសើរជាច្រើន តែក៏មានអ្នកមិនចូលចិត្តរហូតគំរាមយកអាយុជីវិតទៀត។
គ្រប់គ្នាព្រួយជាខ្លាំង ក្រោយឃើញគណនី Twitter មួយបង្ហោះចេញពីប្រទេសកូរ៉េខាងត្បូង បានគំរាមកំហែងថានឹងយកកាំភ្លើងធ្វើបាបនាង ពេលក្រុមនេះបង្ហាញមុខដំបូងលើឆាក សម្រាប់ការចេញ Promote បទថ្មីនាពេលខាងមុខ ហើយថែមទាំងបន្ថែមទៀតថា នោះគឺជាពេលចុងក្រោយដែលអ្នកលែងបានឃើញមុខអាក្រក់របស់នាងទៀត។
គ្រាន់តែឃើញភ្លាម អ្នកគាំទ្រជនជាតិចិនជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាំង ក៏ដូចជាផ្ញើសារលើកទឹកចិត្ត លួងលោមអារម្មណ៍ Lisa ពីការគំរាមអាក្រក់មួយនេះទៀតផង។ ជាមួយគ្នានោះគ្រប់គ្នាក៏បានសំណូមពរដល់ YG សូមឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុវត្ថិភាព Lisa ចៀសវាងមានបញ្ហាកើតឡើងណាមួយ។
គួរដឹងដែរថានេះមិនមែនជាលើកទី១ទេដែល តារាវ័យក្មេងរូបនេះរងនូវការគំរាមកំហែងអាយុជីវិត តែបើក្រឡេកទៅកាលពីខែមុន ក៏មានគណនី Instagram មួយបានបង្ហោះលើ Story ថានឹងសម្លាប់ Lisa ដែរ៕
ដកស្រង់ពី៖ Sabay