Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រឹង​រហូត​ក្លាយ​ជា​តារា​ចម្រៀង​អាជីព តែ តន់ ច័ន្ទ​សីម៉ា នៅ​មាន​បំណង​ប្រាថ្នា​មួយ​ទៀត

  • Print

តន់ ច័ន្ទសីម៉ា បានតស៊ូណាស់នៅលើដីក្រុងតែម្នាក់ឯងសូម្បីខ្លួនជាស្រី រហូតអាចក្លាយជាតារាចម្រៀងអាជីពមួយរូប ប៉ុន្តែទោះយ៉ាងនេះក្ដី នាងថា នៅមានអាជីពមួយដែលនាងប្រាថ្នាដូចគ្នា ហើយមិនដឹងថាអាចសម្រេចបានពេលណា ឬក៏អន់ផង។

តារាចម្រៀងមកពីខេត្តតាកែវ តន់ ច័ន្ទសីម៉ា ប្រាប់ថា នាងមាននិស្ស័យ និងទេពកោសល្យសិល្បៈតាំងពីនាងដឹងក្ដីមក ក្នុងនោះ ចម្រៀងគឺមុតស្រួចជាងគេ។ "និយាយទៅឲ្យតែសិល្បៈនាងខ្ញុំស្រឡាញ់ទាំងអស់បង ប៉ុន្តែចូលច្រៀងជាងគេ គឺតាំងពីខ្ញុំអាយុ ៥-៦ឆ្នាំ ខ្ញុំចេះច្រៀងទៅហើយ ប៉ុន្តែនៅក្នុងអាជីពសិល្បៈ នាងខ្ញុំចង់ក្លាយជាតារាសម្ដែងមួយទៀត"។

សីម៉ា ថា ពីដំបូងនាងប្រឹងធ្វើយ៉ាងណា ដើម្បីសម្រេចក្ដីសុបិនក្លាយជាតារាចម្រៀងអាជីព ហើយឥឡូវនាងធ្វើបានហើយ ក្រោយពីបានក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម Galaxy។ បន្ទាប់មកទៀត អ្វីដែលនាងប៉ងនៅក្នុងអាជីពសិល្បៈដែរនោះ គឺសម្ដែងភាពយន្ត។ សីម៉ា ប្រាប់ថា នាងចង់វិវត្តខ្លួនទៅជាតារាសម្ដែងក្នុងខ្សែភាពយន្តថែមទៀត ព្រោះថា ជាអ្នកសិល្បៈគួរតែមានជំនាញច្រើន រឹតតែប្រសើរ។

ជាមួយការគិតប៉ងនេះ តារាស្រីសង្ឃឹមថា នៅពេលខាងមុខ ផលិតកម្ម Galaxy របស់នាង អាចនឹងបន្ថែមការផលិតកុនបន្ថែមពីលើការផលិតចម្រៀង ដែលសម្រុកចេញដូចទឹកបាក់ទំនប់សព្វថ្ងៃ។ ប្រសិនបើដល់ពេលនោះ ត្បិតថា មិនទាន់ដឹងថា អ្នកណាខ្លះអាចទទួលឱកាស ប៉ុន្តែនាងថា ជាតារាចម្រៀងម្នាក់របស់ផលិតកម្ម អាចនឹងមានការឱកាសច្រើន។ បញ្ហានេះ ម្ចាស់បទ "គេនោះជាស្រីកាប់ដាវ" បញ្ជាក់ថា នាងចង់សាក រួមនិងដុះខាត់សមត្ថភាពសិល្បៈរបស់នាង។

តន់ ច័ន្ទសីម៉ា ទើបបានចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយផលិតកម្ម Galaxy កាលពីពាក់កណ្ដាលឆ្នាំ ២០១៩។ ការវិវត្តន៍ខ្លួនពីតារាចម្រៀងឯករាជ្យ មកជាតារាចម្រៀងមានទ្រនំច្បាស់លាស់ បាននាំឲ្យមានការរំពឹងទុកថា នាងនឹងលេចធ្លោកាន់តែខ្លាំងនៅឆ្នាំ ២០២០ នេះ។ ជាក់ស្ដែង នាងក៏បានបង្ហាញឲ្យឃើញថា នាងកំពុងសិ្ថតនៅក្នុងកម្រិតណាក្នុងនាមជាតារាចម្រៀងអាជីព ដ៏មានទេពកោសល្យម្នាក់។

ក្នុងឆ្នាំ ២០២០ នេះ សីម៉ា ដែលទទួលបានការផ្ចុងផ្ដើមពីផលិតកម្មយ៉ាងខ្លាំង បានផ្ទុះខ្លាំងតាមរយៈបទនិពន្ធដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា មានចំណងជើងថា "ឡានស៊ីរ៉ែន" ដែលបទនេះ មានទាំងតារាថៃជាច្រើននាក់បានយកទៅច្រៀងតាម(Cover)។ ក្រៅពីនេះក៏នៅមានបទចម្រៀងជាច្រើនទៀត ដែលទាំងនេះ បានបង្ហាញឲ្យឃើញថា តន់ ច័ន្ទសីម៉ា កាន់តែរឹងមាំក្នុងអាជីពចម្រៀង។

ដូច្នេះហើយ ក៏ជាពេលដែលនាងអាចងាកទៅគិតពង្រីកសមត្ថភាពសិល្បៈរបស់នាងបន្ថែម ពោលគឺដូចដែលនាងប្រាប់ថា នាងចង់ក្លាយជាតារាសម្ដែងភាពយន្តទៀតនាពេលខាងមុខ៕

ដកស្រង់ពី៖ Sabay