សម្តេចតេជោ ហ៊ុន សែន ចង់ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដោយយកគម្រូតាមរឿងប៉ាវចិន
- Details
- Category: National News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីបំណងរបស់សម្តេច ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា តាមរយៈការយកភាពយន្តរឿងប៉ាវចិនធ្វើជាគំរូ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។
មុននឹងមានការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន បានចាប់អារម្មណ៍ខ្ពស់ទៅនឹងភាពយន្តចិន រឿងប៉ាវចិន ដែលបាន និងកំពុងចាក់នៅលើទូរទស្សន៍ Fresh News រៀងរាល់យប់ ហើយសម្តេចក៏បានជំរុញឱ្យទូរទស្សន៍ផ្សេងៗទៀត បន្តចាក់ផ្សាយរឿងនេះឱ្យបានកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់យុត្តិធម៌ នៅក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមើល Fresh News យប់មិញ Fresh News បានបញ្ចាំងរឿងប៉ាវចិន ខ្ញុំថាល្អណាស់ ចាប់ពីពេលនេះទៅ បើទូរទស្សន៍ណាមុនពេលសម្រាក បញ្ចាំងរឿងប៉ាវចិន១ភាគ គឺល្អមែនទែន ព្រោះយើងចង់ធ្វើការកែទម្រង់តុលាការ និងស្វែងរកយុត្តិធម៌ក្នុងសង្គមឱ្យបាន អញ្ចឹងមានតែដាក់កុនប៉ាវចិនឱ្យមើលតែម្តង»។
និយាយដល់រឿងប៉ាវចិននេះ សម្តេចតេជោ ហ៊ុន សែន បាននិទានពីឈុតឆាកដ៏អយុត្តិធម៌មួយនោះ ដែលបង្ហាញអំពីចិត្តប្រែប្រួលរបស់បុរសម្នាក់ ព្រោះពេលក្រីក្របុរសនោះស្រលាញ់ប្រពន្ធ និងកូនណាស់ ហើយប្រពន្ធ គ្រួសារ បានខិតខំរកលុយដើម្បីឱ្យបុរសនោះបានរៀន រហូតប្រឡងជាប់ធ្វើមន្រ្តីធំ ប៉ុន្តែគួរឱ្យស្តាយនៅពេលដែលបុរសនោះ ធ្វើមន្រ្តីធំបែរជាបោកអ្នកដទៃថាខ្លួននៅកម្លោះ បង្កាត់ភ្លើងស្នេហ៍ជាមួយបុត្រីស្តេច រហូតដល់ក្លាយទៅជាព្រះរាជសន្និសា ព្រមទាំងចង់សម្លាប់ប្រពន្ធខ្លួនឯងថែមទៀត ដែលចុងក្រោយនៃឈុតឆាកនេះ បុរសម្នាក់នោះក៏ត្រូវបានប៉ាវចិន កាត់ទោប្រហារជីវិត។
សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យតុលាការកម្ពុជា ខិតខំពង្រឹងប្រព័ន្ធយុត្តិធម៌របស់ខ្លួនថែមទៀត ដោយត្រូវដាក់ចិត្តថា ទោះជាអ្នកប្រព្រឹត្តល្មើសធំប៉ុណ្ណាណាក៏ដោយ ត្រូវតែស្រាវជ្រាវយកមកកាត់ទោស។ សម្តេចបញ្ជាក់ថា «ការកែទម្រង់ប្រព័ន្ធតុលាការ និងការរកយុត្តិធម៌នៅក្នុងសង្គម តម្រូវឱ្យនាំគ្នាស្រាវជ្រាវបំបែករឿងក្តី ដោយត្រូវគិតថា ទោះប៉ុណ្ណាក៏កាត់ដែរ»។
សម្តេចក៏បានរំលឹកទៀតថា ប៉ាវចិនមានកាំបិតចំនួន៣ ដែលក្នុងនោះ មានកាំបិតក្បាលឆ្កែសម្រាប់កាត់ទោសអ្នកតូចតាចដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ កាំបិតក្បាលខ្លាសម្រាប់កាត់ទោសមន្រ្តី និងកំបិតក្បាលនាគ សម្រាប់កាត់ទោសរាជវង្ស៕
ដកស្រង់ពី៖ Fresh News