ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងគ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាល៩១នាក់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
- Details
- Category: National News
(ឧត្ដរមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តម សេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយស ដល់មន្ដ្រីនគរបាលជាតិ ចំនួន៩១នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្ដរមានជ័យ។
ពិធីបំពាក់ឋានន្ដរស័ក្ដិនោះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ត្រី៦នាក់, ថ្នាក់វរសេនីយ៍ឯក៧នាក់, ថ្នាក់វរសេនីយ៍ទោ៦នាក់, ថ្នាក់វរសេនីយ៍ត្រី៨នាក់, ថ្នាក់អនុសេនីយ៍ឯក៧នាក់ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង២៩នាក់, មេដាយការពារជាតិ ថ្នាក់មាស១០នាក់ និងមេដាយការងារ១៨នាក់។ ថ្លែងក្នុងឱកាសនោះ ស្របពេលដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាលត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ដ៏ធំមួយនេះ។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងរូបនេះ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល រដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាព ការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូន ថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាល ក្រោមបង្គាប់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្ត កំហុសឆ្គង ហើយមានការបង្ហោះតាម បណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិ យសនគរបាលជាតិ៕
ដកស្រង់ពី៖ Fresh News