Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកគម្របព្រៃឈើនៅកម្ពុជា ចូលរួមការពារបរិស្ថានពិភពលោក

  • Print

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកទំហំគម្របព្រៃឈើនៅកម្ពុជា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមការពារបរិស្ថានតំបន់និងពិភពលោក។

ការជំរុញណែនាំយ៉ាងដូច្នេះគឺក្នុងឱកាសសម្ដេចធិបតីអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការសិក្សារូបភាពផ្កាយរណបបានបង្ហាញថា ពិភពលោកបានបាត់បង់គម្របព្រៃឈើ១ភាគ៣នៃគម្របព្រៃទាំងមូល ហើយពាក់កណ្ដាលនៃការបាត់បង់គម្របព្រៃនេះ គឺកើតឡើងនៅក្នុងសតវត្សទី២១នេះ។

ម្យ៉ាងទៀត ការបំភាយឧស្ម័នកាបូនិកទៅក្នុងបរិយាកាសកើនឡើងប្រមាណ៤ពាន់លានតោន រៀងរាល់ទសវត្សរ៍ ចាប់ឆ្នាំ១៩៨០មក។

សម្ដេចធិបតីបានបន្តថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ជាញឹកញាប់ និងគ្រោះរឹងស្ងួតអូសបន្លាយយូរ ដែលបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ជីវភាពប្រជាជន និងរឹងស្ទះដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហានេះ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ទាំងកម្រិតតំបន់ និងពិភពលោក ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា

ដែលមានក្រសួងបរិស្ថានជាសេនាធិការបានផ្ដោតដោយសំខាន់ទៅលើការអភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅរកការអព្យាក្រឹតកាបូន ការលើកកម្ពស់ប្រជាសហគមន៍ តាមរយៈការការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលជាការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជារក្សានិងបង្កើនភាពបៃតងនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងន័យនេះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ «យុទ្ធនាការបណ្ដុះកូនឈើ១,០០០,០០០ដើមក្នុងមួយឆ្នាំចែកជូនប្រជាពលរដ្ឋដាំ» ដែលផ្ដួចផ្ដើមដោយក្រសួងបរិស្ថាន។

សម្ដេចធិបតីបានបង្ហាញការជឿជាក់ថា តាមរយៈការអភិរក្ស និងដាំដើមឈើឡើងវិញនោះ នឹងជួយពង្រីកគម្របព្រៃឈើនៅប្រទេសកម្ពុជាឱ្យបាន៦០ភាគរយ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

សម្ដេចជឿជាក់ចំពោះផលវិជ្ជមាននៃការដាំដើមឈើ ដែលនឹងជួយរក្សានិងបង្កើនមុខងារផ្ដល់សេវាកម្មអេកូឡូស៉ីព្រៃឈើ ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជាការនេសាទ ការទាញយកផលអនុផលព្រៃឈើ ការផ្ដល់សេវាកម្មទេសចរណ៍ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពធនធានមនុស្សនិងបរិស្ថាន។

ជាមួយគ្នានោះដែរ ដើម្បីធានានូវការនិរន្តរភាពបរិស្ថានកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ដល់ក្រសួងបរិស្ថានត្រូវជំរុញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកន្លងមកឱ្យមានប្រសិទ្ធភាព ដោយត្រូវប្រែក្លាយទ្រឹស្ដីទៅជាការអនុវត្តជាក់ស្ដែង។

ទន្ទឹមនេះ ក្រសួងបរិស្ថានត្រូវរៀបចំយន្តការជាក់លាស់ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននេះ និងស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមផ្ដល់កិច្ចសហការជាមួយក្រសួងបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានសម្រេចជោគជ័យ។

សម្ដេចធិបតីក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញបន្ថែមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព

និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ស្របតាមគោលនយោបាយអភិរក្សនិងអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន

សំដៅឈានឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចប់សូន្យ និងអព្យាក្រឹតកាបូន ដែលសុទ្ធតែជាគោលដៅសកល ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

ដកស្រង់ពី៖ Fresh News