Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ

  • Print

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់ការខិតខំរបស់មេដឹកនាំកម្ពុជាជំនាន់មុន រាប់ចាប់ពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមួយមេដឹកនាំវៀតណាម ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីការជួយរបស់កម្ពុជា ក្នុងបុព្វហេតុបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង នាទសវត្ស៍៦០ និងការជួយរបស់វៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍កម្ពុជាឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ «នេះជាសក្ខីភាពប្រវត្តិសាស្ត្រ ហើយគ្មានកម្លាំងប្រតិក្រិយាណាអាចមកប្រែក្រឡាស់បានឡើយ។ យើងត្រូវអប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹងជ្រូតជ្រាបអំពីសច្ចភាពប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់ និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម»។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ។

ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេចសង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ៕

ដកស្រង់ពី៖ Fresh News