Social Network

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក, អគ្គនាយក ARDB រំពឹងនាំប្រយោជន៍បន្ថែមដល់ជាតិ

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក -Association of Development Financing Institutions in Asia and the Pacific (ADFIAP) នៅខែឧសភា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាភិបាល ADFIAP សម្រេចប្រគល់ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ នៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ នៅប្រទេសកាហ្សាក់ស្ថាន កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានបញ្ជាក់ថា

ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នឹងផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូចជាការលើកតម្កើងកិត្តិយសរបស់កម្ពុជា លើឆាកអន្តរជាតិ ឲ្យគេបានស្គាល់កាន់តែច្រើន តាមរយៈការអញ្ជើញមកដល់នៃប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ជាសមាជិកចំនួន ៩០គ្រឹះស្ថាន មកពី៤០ប្រទេស ពួកគេនឹងបានឃើញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

លោកបន្តថា ការធ្វើជាម្ចាស់ផ្ទះនេះ ក៏អាចនឹងទាក់ទាញបាននូវលំហូរទុនវិនិយោគ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នានា មកកាន់កម្ពុជាផងដែរ ទាំងលំហូរទុនលើវិស័យកសិកម្ម រួមទាំងលំហូរឥណទានបៃតង អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលជាការផ្តល់ឥណទាន ផ្សាភ្ជាប់នឹងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ ជារបត់ថ្មីតែធនាគារអភិវឌ្ឍន៍ប៉ុណ្ណោះទេ ធនាគារពាណិជ្ជក៏ដូចគ្នា។

លោកបន្តថា កិច្ចប្រជុំនោះក៏អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ រវាងស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក,

ផ្តល់ឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការចែករំលែកបទពិសោធ និងទស្សានាទាន លើការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដល់ស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាវេទិកា សម្រាប់ប្រទេសកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ពីស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

នៅឆ្នាំ២០២៣ ADFIAP កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៦ ត្រូវបានរៀបចំដោយ Eurasian Development Bank- EDB ក្នុងទីក្រុងអាល់ម៉ាទី នៃប្រទេសកាហ្សាក់ស្ថាន។

យោងលើលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៦ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៤ ធនាគារ ARDB ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤, ១៥ និង ១៦ ខែឧសភា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB ក៏ត្រូវបានជ្រើសតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP ផងដែរ។

ការទទួលបានសេចក្តីទុកចិត្ត ពីក្រុមប្រឹក្សាភិបាលរបស់ ADFIAP លើធនាគារ ARDB នាពេលនេះសរបញ្ជាក់ពីភាពរឹងមាំនៃស្ថាប័ន និងការចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនាពេលកន្លងមក។

មួយវិញទៀត ធនាគារ ARDB បានរួមបំណែកយ៉ាងសកម្មក្នុងនាមជាប្រតិបត្តិករ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ហិរញ្ញប្បទានពិសេស គាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម កសិ-ឧស្សាហកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

ក្រោមការចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមគ្គុទេស៍ដ៏ឧត្តុង្គឧត្តមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក -Association of Development Financing Institutions in Asia and the Pacific (ADFIAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (the United Nations’ Economic and Social Council) ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

បេសកកម្មរបស់ ADFIAP គឺដើម្បីភាពរីកចម្រើនប្រកបដោយការអភិវឌ្ឍដោយចីរភាព តាមរយៈការពង្រឹងស្ថាប័ន និងមុខងារហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍, លើកកម្ពស់សមត្ថភាពរបស់សមាជិក, និងការតស៊ូមតិលើនវានុវត្តន៍ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។

បច្ចុប្បន្ន ADFIAP មានគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាសមាជិកចំនួន៩០ គ្រឹះស្ថាន មកពីបណ្តាប្រទេសចំនួន៤០ ក្នុងតំបន់អាស៊ី។

គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Development Financial Institution) ឬធនាគារអភិវឌ្ឍន៍ (Development Bank) ជាអន្តរការីហិរញ្ញវត្ថុ ដែលមានគោលដៅផ្តល់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍន៍អាទិភាពនានារបស់ប្រទេសតំបន់ តាមរយៈការកៀរគរមូលនិធិ ដើម្បីគាំទ្រវិស័យដែលមានឱនភាព ដែលត្រូវការហិរញ្ញប្បទានគាំទ្រការអភិវឌ្ឍ។

គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ឬធនាគារអភិវឌ្ឍន៍ ជាស្ថាប័នបម្រើឱ្យគោលនយោបាយអភិវឌ្ឍន៍ជាតិមួយ ឬតំបន់ដែលមានតួនាទីសំខាន់ណាស់ គឺដើម្បីបំពេញកង្វះចន្លោះផ្នែកហិរញ្ញវត្ថុ

ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន មិនអាចបំពេញបាន និងដើរតួនាទីជា អ្នកផ្តួចផ្តើមគំនិត (Initiator), ស្ថាបនិក (Institution Builder), កាតាលីករ (Catalyst), និងជាស្ថាប័នដែលផ្តល់ជំនួយចុងក្រោយបំផុត (Bank of Last Resort) ក្នុងវិស័យដែលត្រូវអភិវឌ្ឍន៍ទាំងនោះ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥ ។

ADFIAP មានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់ដែលជាសមាជិក៕

ដកស្រង់ពី៖ Fresh News