Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ

  • Print

ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៧៨ឆ្នាំ របស់នគរបាលជាតិ ថ្ងៃទី១៦ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងបានរំលេចថា សន្តិភាពដែលកម្ពុជាកំពុងមាន គឺជាការរួមចំណែក និងពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ។ក្រោមការដឹកនាំដ៏មានសក្តានុពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសរួចផុតពីសង្គ្រាម និងអាចស្វែងរកសន្តិភាពយ៉ាងពេញលេញ។

សន្តិភាពដែលបានមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ អាចមានមុខមាត់លើឆាកអន្តរជាតិ ដែលជាការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយនឹងសមិទ្ធផលដ៏មហាអសា្ចរ្យនេះ សម្តេច ស ខេង យល់ថា កងកម្លាំងនគរបាលជាតិ ក៏បានរួមចំណែក និងពលិកម្មយ៉ាងធំធេងចំពោះជាតិផងដែរ។

ពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីកាពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព មិត្តភាព និងបង្ក្រាបបទល្មើសផ្សេងៗយ៉ាងសកម្មដើម្បីជាតិមាតុភូមិ។សម្តេចស ខេង បានអះអាងថា៖

“កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទីជាសេវាករបម្រើនូវសេវាតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានក្លាយជាចលករប្រកបដោយថាមពលក្នុងការជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព””។

បន្ថែមពីនោះ កងកម្លាំងនគរបាលជាតិ ក៏បានជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងភាពអង់អាច។

នេះបើតាមការលើកឡើងរបស់សម្តេច ស ខេង។

សម្តេចឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា ស្នាដៃដែលលេចធ្លោក្នុងឆ្នាំ២០២២កន្លងទៅរបស់កងកម្លាំងនគរបាលជាតិ គឺកិច្ចខិតខំប្រឹងប្រែងការពារ និងចាត់វិធានការផ្សេងៗ និងការពារសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំ។

ព្រឹត្តិការណ៍ទាំងនោះ មានដូចជា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ចំពោះឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្លាំងនគរបាលជាតិក៏បានបំពេញបេសកកម្មរបស់ខ្លួនបានល្អ។

ចំពោះព្រឹត្តិការណ៍បន្តទៀតដែលកម្ពុជានឹងរៀបចំដូចជា កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតតំណាងរាស្ត្រដែលប្រព្រឹត្តនាពេលខាងមុខ ឱ្យដំណើរការយ៉ាងរលូន ដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គំរាមកំហែង ឬ ការបំភិតបំភ័យនានា។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេច ស ខេង សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់នឹងបន្តអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីបម្រើពលរដ្ឋ និងជាតិប្រកបដោយគុណធម៌ និងសេចក្តីថ្លៃថ្នូរ ជាប្រយោជន៍សម្រាប់ជាតិ៕

ដកស្រង់ពី៖ កម្ពុជាថ្មី