Social Network

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នងកម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

ពិធីនេះ ក៏មានការនិមន្ដ និងចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិករាជរដ្ឋាភិបាល, អ្នកតំណាងរាស្រ្ត, ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់, ព្រះសង្ឃ, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តកងកម្លាំង, ក្រុមប្រឹក្សាឃុំ សង្កាត់នានា និងមន្រ្តីរាជការ យុវជន ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

សម្ពោធសមិទ្ធផលនានានៅសាកលពុទ្ធកវិទ្យាល័យព្រះសីហនុរាជ ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមពីសប្បុរសជន មានលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងភរិយាដោយចំណាយទឹកប្រាក់ជិត១លានដុល្លាក្នុងនោះមានប្រាក់ដុល្លារ៩៥៧,២៦១.៤៧, ប្រាក់រៀលចំនួន៩៧,០៤៣,២០០រៀល

, និងប្រាក់អឺរ៉ូ ៨,៤៥០អឺរ៉ូ។ ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ខេត្តបាត់ដំបងយើង ថ្ងៃនេះមានសមិទ្ធផលថ្មី បន្ថែមទៀត ដែលត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងខាងលើនេះ

ដោយបានផ្តួចផ្តើមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងភរិយា ព្រមទាំងក្រុមគ្រួសារកូនចៅ និងការចូលរួមពីសប្បុរសជននានាទាំងអស់ក្នុង និងក្រៅប្រទេសមួយចំនួនទៀត ដែលបានបរិច្ចាកធនធានជាច្រើន ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា

ក៏ដូចជាវិស័យផ្សេងៗទៀតជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព។ សម្ដេចក្រឡាហោម ស ខេង បានបន្តថា យើងទាំងអស់គ្នាបានដឹងហើយថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ណាស់ សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ

និងអាណាចក្រ ក្នុងរយ:ពេលកន្លងមករាជរដ្ឋាភិបាល បានខិតខំកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានផ្តល់ជាផលប្រយោជន៍ ជូនប្រជាជនទូទាំងប្រទេស បានប្រើប្រាស់ ក្នុងមានពុទ្ធក នៃសាកលវិទ្យាល័យ គឺជាផ្នែកមួយនៃការផ្តល់ឱកាសដល់កូនចៅប្រជាពលរដ្ឋ ក្នុងការទទួលបានចំណេះដឹងដើម្បីក្លាយជាធនធានមនុស្សពោពេញដោយសមត្ថភាព។

បន្ថែមពីនេះ ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឲ្យប្រព្រឹត្តអំពើជាកុសល អ្វីដែលសំខាន់ផងដែលនោះ គឺការយកចិត្តទុក្ខលើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ជាតិ ឲ្យដល់កុលបុត្រ កុលធីតា

ជាសមណសិស្ស និស្សិត ដើម្បីឲ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ជាពិសេសក្នុងបដិការ នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យាដូចបច្ចុប្បុន្ននេះ។

សមិទ្ធផលទាំងខាងវិស័យពុទ្ធ និងអាណាចក្រ ដែលប្រទេសជាតិយើងសម្រេចបានរហូតមកទល់ពេលនេះ គឺពិតជាកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញបានយ៉ាងត្រឹមត្រូវ

នូវកម្មវិធីនយោបាយ គោលនយោបាយយុទ្ធសាស្រ្ត និងកម្មវិធីនានាជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ ការចូលរួម ពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន គឺទូទាំងប្រទេសកម្ពុជា ដើម្បីបន្តថែរក្សា ការពារសមិទ្ធផល យើងទាំងអស់គ្នា ខិតខំសម្រេចបាន ដូចជារួមគ្នាការអភិវឌ្ឍស្រុក ឃុំ សង្កាត់ ភូមិ និងប្រទេសជាតិឲ្យកាន់តែមានរីកចម្រើនបន្ថែមទៀត។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង សូមយកឱកាសនេះ ដើម្បីបន្តធ្វើការអំពាវនាវដែលមានខ្លឹមសារមួយចំនួនដូចខាងក្រោមនេះ៖

*ទី១៖ សូមមេត្តាបន្តរួមគ្នា ខិតខំថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ឲ្យឋិតឋេគង់វង្សយូអង្វែង ដើម្បីបង្កបរិយាកាស់អំណោយផល ដល់ការកសាងជីវភាពគ្រួសារ ការកសាងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងប្រទេសជាតិយើងឲ្យកាន់តែមានការរីចម្រើនថែមទៀត ព្រោះថា មានសន្តិភាព មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាពការពារសន្តិភាព និង អរគុណសន្តិភាព។

*ទី២៖ សូមមេត្តាបន្តរួមគ្នា ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម តាមរយ:ការអនុវត្តឲ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ក្នុងនោះបញ្ហាដែលត្រូវយកចិត្តទុក្ខដាក់ គឺមានបញ្ហាគ្រឿងញៀនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ក្មេងទំនើង ចោរប្លន់ ចោរលួច ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ក្នុងន័យនេះសូមប្រជាពលរដ្ឋទាំងអស់ដែលជាអាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូ សូមមេត្តាខិតខំអប់រំ កូនចៅក្រុមគ្រួសារ និងសមណសិស្សនិស្សិតទាំងអស់ឲ្យចៀសឆ្ងាយពីបញ្ហាដូចខាងលើនេះ។

ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានកងកម្លាំងមានសមត្ថកិច្ចត្រូវរួមគ្នាបង្រ្កាប ចាំបាច់បញ្ហាគ្រឿង ញៀន ល្បែងស៊ីសងខុសច្បាប់អំពើចោរកម្ម ក្មេងទំនើង អំពើហឹង្សាក្នុងគ្រួសារអស់ ពីមូលដ្ឋានរបស់ខ្លួន និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នាដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍។

*ទី៣៖ ចាប់ពីថ្ងៃទី០៥ ខែឧសភា មកដល់ពេលនេះ កម្ពុជាយើងបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម យើងពិតជាមានមោទនភាពដ៏សប្បាយរីករាយជាអតិប្បបរិមា ដោយកម្ពុជាយើងនៅក្រោមដំបូលសន្តិភាព

យើងមានឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំនូវការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ចាប់តាំងពីការប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត រហូតមកទល់ពេលនេះ គឺយើងបានទទួលនូវការអបអរសាទរកោតសរសើរ

និងវាយតម្លៃខ្ពស់ពីបណ្តាមិត្តភក្តិអន្តរជាតិអំពីការរៀបចំនូវពិធីបើកប្រកបដោយភាពអធិកអាធម និងបង្ហាញនូវអត្តសញ្ញាណជាតិរបស់យើងបានច្បាស់លាស់។

ទន្ទឹមនេះ ការរក្សារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណ: កម្លាំងសមត្ថកិច្ចរបស់យើងបានយកចិត្តទុកដាក់ ហើយការពារបានទាំងស្រុង មានសន្ដិភាព សម្រាប់អត្តពលិកទាំងអស់ ក៏ដូចជាគ្រប់វិញ្ញាសារ នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ហើយនឹងអ្នកគាំទ្រដែលបានមកពីប្រទេសសាមីនីមួយៗ នៅក្នុងកម្ពុជារបស់យើង។

យើងសង្ឃឹមជឿជាក់ថា ពីនេះរហូតដល់ថ្ងៃបិទ ជាផ្លូវការនៅថ្ងៃ១៧ ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ យើងសង្ឃឹមថានឹងទទួលបានជោគជ័យទាំងស្រុង សម្រាប់សុវត្តិភាពក៏ដូចជាការងារនានា រៀបចំទទួលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ក៏ជាសម្តេចផ្ទាល់សូមថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ជាពិសេសក៏អរគុណជាមួយប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រដល់កម្ពុជារបស់យើង ក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ៕

ដកស្រង់ពី៖ Fresh News