Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្រ្តី លី ធុជ៖ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន

  • Print

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ ដែលបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប។

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់នេះលោក ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។

ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវឌ្ឍនភាពនេះ និងបានចូលរួមជាផ្នែកមួយចាំបាច់ឈានទៅសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ។

ជាមួយគ្នានេះ ការធ្វើការរួមគ្នា និងការប្រើប្រាស់ភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយ ក៏នឹងអាចជួយពន្លឿនដល់វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅ និងអនាគតដែលគ្មានការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យកាន់តែឆាប់។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូចជា ការកំណត់ទីតាំង

និងការកំណត់អត្តញ្ញាណគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងធ្វើឲ្យចំណេញពេលវេលា

និងកាត់បន្ថយការចំណាយទៀតផង។ការវិវឌ្ឍន៍ចុងក្រោយបំផុតនៃបច្ចេកវិទ្យារាវរកគ្រាប់មីន ក៏អាចកើតចេញពីទឹកដីកម្ពុជា ដែលជាកន្លែងសម្រាប់ការធ្វើតេស្តសាកល្បងម៉ាស៊ីន និងឧបករណ៍បោសសម្អាតមីន មុននឹងឈានដាក់ប្រើប្រាស់នៅជុំវិញពិភពលោក។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Vallon GmbH គឺជាដៃគូដ៏ចាំបាច់មួយក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា ហើយ ក្រុមហ៊ុន Vallon គឹជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ក្នុងការផលិត និងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ក្នុងប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់គោលបំណងមនុស្សធម៌។

លោក Markus Vallon នាយកគ្រប់គ្រងក្រុមហ៊ុន VALLON GmbH បានលើកឡើងថា ក្រុមហ៊ុន VALLON GmbH បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយកម្ពុជាក្នុងភាពជាដៃគូជាមួយអាជ្ញាធរមីន ដើម្បីរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបឲ្យកម្ពុជាសម្រេចនូវគោលដៅគ្មានមីនឆ្នាំ២០២៥។

លោក Markus Vallon បានបន្តទៀតថា ក្រុមហ៊ុន VALLON GmbH បានផលិតនូវឧបករណ៍រាវរកគ្រាប់មីនជាច្រើនប្រភេទប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងបានទទួលបានការកែលម្អជាច្រើនពីកម្ពុជា

ក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង ហើយបច្ចុប្បន្ន ក្រុមហ៊ុនបានដាក់បញ្ចូលភាសាខ្មែរក្នុងឧបករណ៍នេះ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកដោះមីនកម្ពុជាក្នុងការប្រើប្រាស់៕

ដកស្រង់ពី៖ កម្ពុជាថ្មី