Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ​ប្រកាស​ស្វាគមន៍​លោក​ យឹ​ម ស៊ីណ​ន ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលោក យឹម ស៊ីណន ដែលបានគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

យោងតាមសារព័ត៌មាន Fresh News សម្តេចតេជោ ហ៊ុន សែន បានប្រកាសសូមស្វាគមន៍ចំពោះលោក យឹម ស៊ី សម្រាប់ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការស្នើសុំរបស់លោក ហើយសង្ឃឹមថា លោក ស៊ីណន នឹងក្លាយជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជាដ៏មានតម្លៃ ។

ការប្រកាសស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក យឹម ស៊ីណន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានសរសេររៀបរាប់អំពីការឈឺចាប់ជាទីបំផុត ចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

លោក យឹម ស៊ីណន បានសរសេររៀបរាប់ថា បើគិតពីការចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា និងក្រោយទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ត ស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ២១ ខែមេសានេះ មានរយៈពេល១ខែគត់ ។

លោកបញ្ជាក់ថា ៖ “ក្នុងអំឡុងពេល១ខែនេះ ខ្ញុំបានចំណាយពេលស្រាវជ្រាវពិនិត្យមើលព័ត៍មានស្តីករណីខ្ញុំ និងលោក ហ៊ុន កុសល ជាច្រើនប្រភព ទើបធ្វើឲ្យខ្ញុំបានដឹងច្បាស់ថា ពេលខ្ញុំមានបញ្ហា នរណាជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ ។

ចំពោះខ្ញុំ និងហ៊ុន កុសល យើងទាំងពីរ ពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ ប៉ុន្តែយើងទាំងពីរ គឺមិនមែនជាមនុស្សតែមួយនោះទេ ព្រោះថា ការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅក៏មិនដូចគ្នា” ។

លោកបន្តថា ទោះបីពេលនេះ ខ្ញុំបាននៅខាងក្រៅឃុំស្ថិតក្រោមការឃ្លាំងមើលពីតុលាការ មានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ ប៉ុន្តែបេះដូងខ្ញុំនៅតែនឹកគិតអាណិតបារម្ភ ទាំងយប់ទាំងថ្ងៃ ដល់យុទ្ធមិត្ត ហ៊ុន កុសល របស់ខ្ញុំជានិច្ច។

ហើយខ្ញុំតែងតែបួងសួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្ត សម្តេចនាយករដ្ឋមន្ត្រី មេត្តាជួយសណ្តោសប្រណី ដល់មិត្តខ្ញុំម្នាក់នេះ បាននៅក្រៅឃុំដូចខ្ញុំផងចុះ ។

ជាមួយគ្នានោះដែរ លោកបានលើកឡើងថា ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំ អស់រយៈពេលជាង១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង

ខ្ញុំអាចជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៊ីវិលនានា និងជាពិសេស គឺក្រុមអ្នកនយោបាយ នៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង ។

លោកគូសបញ្ជាក់ថា នៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះ ក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថា ឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះ ក្នុងពិធីបាតុកម្មរបស់ពួកគេ នៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេ ក៏ខ្ញុំស្តាប់មិនឮ និងរកមើលមិនឃើញដែរ ។

ផ្ទុយទៅវិញ ពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗ ដោយប្រមាថថា ការជាប់គុករងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំ ហ៊ុន កុសល គឺជាល្ខោនសម្តែងថែមទៀតផង ។

លោកបន្ថែមថា ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះ មានចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។

បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។

ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត១សន្លឹកក្នុងដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់ម៉ឺនសន្លឹកទៀត ពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ជាទីគោរព រូបខ្ញុំពិតជាស្រឡាញ់ និងចង់ឃើញកម្ពុជា មានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយ តាមបែបផែនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ ដែលបានកំណត់។

ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយបក្ស ឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមកដឹកនាំកម្ពុជានោះទេ។

ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប ។

លោកគូសបញ្ជាក់ថា ៖ “សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដ ក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។

ក៏ប៉ុន្តែ ប្រសិនសម្តេចពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ” ៕

ដកស្រង់ពី៖ កោះសន្តិភាព