ក្រុមប្រឹក្សារាជធានី កោតសរសើរអាជ្ញាធររាជធានី និងសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ ក្នុងខែកុម្ភៈ
- Details
- Category: National News
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរ អាជ្ញាធរ និងសមត្ថកិច្ច របស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានថយចុះ ក្នុងខែកុម្ភៈ កន្លងមកនេះ។
ទន្ទឹមនេះ ក៏បានយកចិត្តទុកដាក់បង្ក្រាប បទល្មើសគ្រឿងញៀននិងក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បានល្អផងដែរ។ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ខណៈលោក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។
បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះការអនុវត្តច្បាប់ចរា ចរណ៍ ដោយប្រើវិធានការអប់រំ ច្រើនជាងការផាកពិន័យ និងបានយកចិត្តទុកដាក់ អប់រំ ណែនាំ ក្នុងការរៀបចំសណ្តាប់ធ្នាប់ បានល្អ ដល់អ្នកលក់ដូរចល័ត និងអ្នកលក់ដូរ នៅនឹងកន្លែង។
បើតាមលោក ហុក ហួលីម នាយករដ្ឋបាលស្តីទី នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង ថា៖ បទល្មើសព្រហ្មទណ្ឌ កើតមាន ៤៧លើក / ៥២លើក ថយចុះ ៥លើក ស្មើនឹង ៩.៦១%។
បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៦ករណី ឃាត់ខ្លួន ៥៨ នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន ១០៩ ករណី ឃាត់ខ្លួន ១៩១ នាក់ កសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧០ ករណី ឃាត់ខ្លួន ១១៤នាក់ (សី ៥នាក់) ពីបទបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។
បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ បានចំនួន ៥ករណី ឃាត់ខ្លួន ៣៦នាក់ (ស្រី ២នាក់) ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។
បង្ក្រាប ការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បាន ១ករណី ឃាត់ខ្លួន ១នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច លេខ ០៣១/២២ សសរ.ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈ -កម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។
ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេច លេខ ០៦៧/២២ សសរធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាស ភាពគណៈ-កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។
ពិនិត្យ និងអនុម័តលើសេចក្តីព្រាងពិន្ទុសូចនាករ កម្មវិធីពានរង្វាន់សេវា សង្គមនៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២ ទម្រង់ “រខ១” ពិន្ទុសូចនាកររាជធានី ខេត្ត៕
ដកស្រង់ពី៖ រស្មីកម្ពុជា