គយ នឹងចាត់វិធានយ៉ាងតឹងរឹងបំផុតចំពោះប្រភេទម៉ូតូធំៗដែលចរាចរណ៍លើដងផ្លូវខុសច្បាប់
- Details
- Category: National News
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា ក្រោយបិទបញ្ចប់យុទ្ធនាការ បង្រ្កាបរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមស្លាកលេខផ្សេងៗ នឹងធ្វើការត្រួតពិនិត្យទៅដល់ប្រភេទម៉ូតូធំៗគ្មានពន្ធ ដែលជាមុខសញ្ញាបន្ទាប់។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ
បានមានប្រសាសន៍ថា ម៉ូតូគ្មានពន្ធ ជាពិសេសគឺប្រភេទម៉ូតូធំៗ ក៏ជាមុខសញ្ញា ដែលត្រូវផ្ដោតការយកចិត្តទុកដាក់បង្ក្រាប និងគ្រប់គ្រង នៅពេលនាំចូល។
លោកបានបន្តថា បើយោងតាមលទ្ធផល នៃការបង្ក្រាបនេះ យើងបានស្វែងរកមូលហេតុ ឬចំណុចចន្លោះខ្វះខាត ហេតុអីបានជាមានម៉ូតូប្រភេទធំៗ ហើយគ្មានពន្ធ វាចូលមកបាន។លោកបណ្ឌិត បានបញ្ជាក់ថា នៅតាមព្រំដែន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងថាការរត់ពន្ធម៉ូតូ
ក៏មានជាហូរហែ ហើយការរត់ពន្ធម៉ូតូតាមច្រករបៀងនោះ គឺជាបញ្ហាស្មុគស្មាញ ដែលយើងលំបាកទប់ស្កាត់ឲ្យបាន ១០០ភាគរយ។ លោកបន្ថែមទៀតថា ក្នុងមួយៗខែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទប់ស្កាត់បានច្រើន ប៉ុន្តែទន្ទឹមនោះ ក៏មានរបូតមកដែល ដោយវាមិនអស់នោះទេ។
ជាមួយគ្នានេះ គយក៏បានរឹតបន្តឹង ក្នុងការត្រួតពិនិត្យ ការនាំចូលម៉ូតូពីប្រទេសឆ្ងាយៗដែរ ដូចជា៖ មកពីអឺរ៉ុប, ជប៉ុន និងកូរ៉េដែលផ្ទុកក្នុងកុងតឺន័រ។ យ៉ាងណាមិញ លោកបណ្ឌិត គុណ ញឹម បានសង្កត់ធ្ងន់ថា
ការនាំចូលម៉ូតូ ដែលផ្ទុកក្នុងទូកុងតឺន័រ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យចោះៗមានន័យថា ១០ទូកុងតឺន័រ អាចចុចឲ្យត្រួតពិនិត្យ ៥ទូ ឬ៦ទូ ដោយធ្វើការត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីចូលរួមទប់ស្កាត់កុំឲ្យចំនួនម៉ូតូអត់ពន្ធគេចវេះពន្ធ ចូលមកក្នុងប្រទេស។
លោកបន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បើកផ្លូវឲ្យម្ចាស់ម៉ូតូធំគ្មានពន្ធ ចូលមកបង់ពន្ធផងដែរ ដោយមានការពិន័យ ប៉ុន្ដែវាធូរជាងការពិន័យ ដែលអគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជាចុះបង្ក្រាបបាន។សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នាត្រង់ចំណុចខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានរកឃើញម៉ូតូធំទំនើបៗ
សរុបចំនួនប្រមាណ ១៥០គ្រឿង គ្មានពន្ធ។ ម៉ូតូធំជាច្រើនគ្រឿងទាំងនេះ បានប្រមូលផ្ដុំគ្នា ដើម្បីត្រៀមធ្វើដំណើរកម្សាន្ដទៅកាន់ខេត្តសៀមរាប ដោយក្នុងនោះ ត្រូវបានសមត្ថកិច្ចគយចុះពិនិត្យ និងដឹងថា មានម៉ូតូមួយចំនួន តម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារអាមេរិកឯណោះ៕
ដកស្រង់ពី៖ រស្មីកម្ពុជា