សម្តេចតេជោ ហ៊ុន សែន៖ «ប្រទេសខាងត្បូង ជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ» (Video inside)
- Details
- Category: National News
(ភ្នំពេញ)៖ ថ្លែងពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រទេសខាងត្បូង ជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ»។
ថ្លែងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀត នៅលើពិភពលោកផងដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បច្ចុប្បន្ន បញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើត ឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាមរុស្ស៉ីនិងអ៊ុយក្រែន
ការកើនឡើងនៃអតិផរណា ការកើនឡើងនូវតម្រូវសាធារណៈ ការបែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព
និងការស្តារសេដ្ឋកិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល។
ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៉ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ
និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗ ផងដែរ។ ចំណែកលោក Naredra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិយូរអង្វែង ហើយមិនមានការបញ្ជាក់ច្បាស់លាស់អំពីថាតើស្ថានភាពអស្ថិរភាព នេះនឹងមានរយៈពេលប៉ុន្មាននោះទេ។
បញ្ហាភាគច្រើន មិនត្រូវបានបង្កើតឡើងដោយប្រទេសខាងត្បូងទេ ប៉ុន្តែវាប៉ះពាល់ដល់យើងច្រើនជាង។ លោកបានបញ្ជាក់ថា «យើងបានឃើញរឿងនេះ នៅក្នុងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ការប្រែប្រួលអាកាសធាតុ អំពើភេរវកម្ម និងសូម្បីតែជម្លោះអ៊ុយក្រែន។
ការស្វែងរកដំណោះស្រាយក៏មិនមានកត្តានៅក្នុងតួនាទីរបស់យើង ឬសំឡេងរបស់យើងដែរ»។
សូមជម្រាបថា កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំដោយប្រទេសឥណ្ឌា ដោយប្រទេសនេះអញ្ជើញមេដឹកនាំប្រទេស ប្រមាណ១២០ លើពិភពលោក ឲ្យថ្លែងសុន្ទរកថា៕
ដកស្រង់ពី៖ Fresh News