Social Network

ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃ-កម្ពុជា ចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ

ស្រះកែវ ថៃៈ ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃនិងកម្ពុជា មកពីខេត្តមួយចំនួន ដែលជាប់ឬជិតព្រំដែននៃប្រទេសទាំងពីរ បានចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ (Memorandum of Purchasing ឬ MOP) រវាងខេត្តមួយចំនួនរបស់ថៃ និងកម្ពុជា ក្នុងរយៈពេលកំណត់មួយ។ ពិធីនោះ បានធ្វើឡើង នៅរាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកង់ (The Velo’s Hotel & Pump ) នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ខាងកម្ពុជា មានមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពត ដែលអញ្ជើញជាអធិបតី

និងសាក្សី ដោយលោក នេត សេរី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជកម្ម ខេត្តបាត់ដំបង តំណាងសភាពាណិជ្ជកម្មខេត្តនានា។

ឯខាងថៃ មានមកពីខេត្តស្រះកែវ និងបណ្តាខេត្តថៃ នៅទិសខាងកើត ឦសាន និរតី ដែលជាប់ និងជិតព្រំដែនកម្ពុជា ដែលមានកញ្ញា នុងយ៉ៅ ស៊ីចាន់ថាមីត ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តស្រះកែវ និងលោកស្រី ប្រធានសភាពាណិជកម្មខេត្ត នេះជាអធិបតី ។

ការចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ (Memorandum of Purchasing ឬ MOP) នេះ ជាផ្នែកមួយនៃកម្មវិធីលើកដំបូង ក្រោយការតភ្ជាប់ និងផ្គូរផ្គងចរចាដៃគូពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម ឆ្នាំ២០២២ ” (Business Martching / B2B SMEs Thailand -Cambodia ) ថ្ងៃទី៣០ ខែមិថុនា – ២ ខែកក្កដា ឆ្នាំ២០២២ ។

អាជីវករ ពាណិជ្ជករ មកពីខេត្តប្រទេសកម្ពុជា បានទស្សនា និងទិញទំនិញ ឬសេវា ដែលដាក់បង្ហាញ ដោយដៃគូភាគីថៃ ហើយត្រូវបានពិភាក្សគ្នា ក្នុងការកុម៉្មង់លក់ដូរ បញ្ជូនទំនិញ / សេវា ដែលផលិតចេញពីសហគ្រាសធុនតូច និងមធ្យម (SMEs) ថៃ។

រីឯបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញកំណើននាំចេញ នាំចូលទំនិញ ឆ្លងកាត់ព្រំដែន ចំពេលភាគីថៃ បានបើកព្រំដែន / បើកប្រទេសឡើងវិញ កាលពីខែឧសភា កន្លងទៅថ្មីៗនេះ និងក៏ជំរុញខ្សែសង្វាក់ផលិតកម្ម សហគ្រាសផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា