Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីជូនពលរដ្ឋដែលកាន់កាប់យូរឆ្នាំ (Video inside)

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តក្រើនរំលឹកជាថ្មីដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ឱ្យអនុវត្តឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំ។

ការក្រើនរំលឹកជាថ្មីនេះ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនៅតែឱ្យបន្តកាត់ចេញពីតំបន់៣ប៉ុន្មាន កាត់ចេញពីតំបន់២មកតំបន់១ប៉ុន្មាន ឆ្វៀលនៅតំបន់ដែលមិនអាចកាត់បានប៉ុន្មាន? ត្រូវធ្វើឱ្យច្បាស់ដើម្បីឱ្យប្រជាជនគាត់គ្រប់គ្រងឱ្យបានល្អ ដើម្បីចៀសវាងនូវការស្មុគស្មាញដែលដោះស្រាយបញ្ហាមិនចេញ»។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាសអំពីសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ

ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន បន្ទាប់ពីបានទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតការកាន់កាប់ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១។

ខេត្តនៅជុំវិញជុំវិញបឹងទន្លេសាបទាំង៦នោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។

កន្លងទៅ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យកែសម្រួលផ្ទៃដីបឹងទន្លេសាបនៅខេត្តមួយចំនួនផងដែរ ក្នុងនោះរួមមាន៖

* នៅខេត្តកំពង់ធំ បានកែសម្រួលផ្ទៃដីទំហំ ៦,៤៨៥ហិកតា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។

* នៅខេត្តពោធិ៍សាត់ បានកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។

* នៅខេត្តបន្ទាយមានជ័យបានកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា ៦៨សង់ទីអា ចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់និងអាស្រ័យផល។

ចំណែកខេត្តផ្សេងទៀតនៅមិនទាន់មានអនុក្រឹត្យនៅឡើយទេ។ ជាមួយនឹងការបន្តក្រើនរំលឹកដល់អភិបាលខេត្តជាប់បឹងទន្លេសាបនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអង្វរកដល់ប្រជាពលរដ្ឋនានា កុំឱ្យទៅកាប់ទន្ទ្រានដីព្រៃលិចទឹកបន្ថែមទៀត ហើយជំរុញឱ្យភាគីពាក់ព័ន្ធដាំព្រៃលិចទឹកឡើងវិញ។

សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យ និងជីកតំបន់គោករាក់ឱ្យជ្រៅឡើងវិញ ដើម្បីដាក់ទុនសម្រាប់រក្សាពូជត្រីកម្ពុជា៕

 

ដកស្រង់ពី៖ Fresh News