Social Network

ក្រសួងពាណិជ្ជកម្ម​បន្ត​ពន្យា​ពេល​បី​ថ្ងៃ​ទៀត​ក្នុងការ​ការទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​លក់ទំនិញ​អន​ឡាញ​

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មនៅក្នុងសេចក្តីជូនដំណឹងស្តីពីការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនាកន្លងទៅបានសសេរថា

ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងសម្រេចពន្យារបន្តទៀតរហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។

ប្រភពដដែលបានឲ្យដឹងទៀតថារូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងតទៅ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់

និងអាចមាន ការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕

ដកស្រង់ពី៖ រស្មិកម្ពុជាថ្មី