Social Network

លោក ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកពីកត្តា ២យ៉ាង

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសមិទ្ធផលសម្រេចបានរួមគ្នា ទាំងនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា គឺបានមកដោយកត្តា ២យ៉ាង៖

ទី១. ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយតម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុត។

សម្តេច មានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើលមើលតាំងតែពីដើមដំបូង នៃស្ថានការណ៍រីករាលដាលនៃជំងឺនេះ ដោយបានកំណត់ទុកថា មានតែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសប៉ុណ្ណោះ

ទើបអាចទប់ស្កាត់ការរីករាលដាលបាន។ដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីករាលដាល ក្នុងសហគមន៍នោះទេ ដោយនៅពេលនោះ សម្តេចតេជោ បានកំណត់យកជាដំណាក់កាលទី ១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយបានអនុវត្តវិធានការ តាមស្វែងរកអ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឲ្យបានឆាប់រហ័ស។

ទន្ទឹមនឹងការអនុវត្តវិធាន នៃការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ច-សង្គម។ដំណាក់កាលទី ២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍

។ ដូច្នេះសម្តេចតេជោ បានតម្កល់ការសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេចចិត្តយ៉ាងឆាប់រហ័ស ក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមនៅក្នុងការរៀបចំមណ្ឌលព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។

ដំណាក់កាលទី ៣ កើតមានបន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺសម្តេចតេជោ បានសម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកបច្ចេសទេស ដើម្បីជ្រើសរើសយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ។

ទី២. មានការចូលរួមពីសំណាក់ប្រតិបត្តិករនានា ជាអាទិ៍ កងទ័ពអាវសនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ជាមួយមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ រួមជាមួយនឹងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន

ដោយបានសស្រាក់សស្រាំរួមគ្នាជាកម្លាំងមហាសាមគ្គី ក្នុងបំពេញគ្រប់ភារកិច្ចដោយមិនខ្លាចនាយហត់ និងប្រកបដោយពលិកម្មគ្រប់បែបយ៉ាង សំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចាស់ក្មេង ឲ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា អាជីពជាបុគ្គលិកសុខាភិបាល មានគុណតម្លៃឧត្តុង្គឧត្តមថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាអាជីពតំណាងឲ្យព្រះអាទិទេព ក្នុងការជួយសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីជំងឺដង្កាត់

និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ។ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាល តែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ

និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារជាដើម ដែលបម្រើឲ្យការផ្តល់សេវាសុខាភិបាល នៅទូទាំងប្រទេស៕

ដកស្រង់ពី៖ កម្ពុជាថ្មី