Social Network

លោក ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា កាលពីថ្ងៃទី៩-១០ និង១៣-១៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះបានដឹកនាំដោយលោកបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចប្រទេសព្រុយណេ និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ បានពិភាក្សានិងកត់សម្គាល់លើកិច្ចការសំខាន់ៗរបស់អាស៊ាន ដូចជា៖

(១) វឌ្ឍនភាពនៃសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសព្រុយណេក្នុងឆ្នាំ២០២១;

(២) វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន (ACRF)

(៣) សេចក្តីព្រាងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន;

(៤) អនុសាសន៍របស់ក្រុមការងារជាន់ខ្ពស់ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច (HLTF-EI) សម្រាប់កិច្ចប្រជុំ AEM លើក ទី ៥៣

(៥) វឌ្ឍនភាពក្នុងការបំពេញនីតិវិធីក្នុងស្រុកសម្រាប់កិច្ចព្រមព្រៀង RCEP ដែលរំពឹងថានឹងចូលជាធរមាននៅឆ្នាំ ២០២២ និង(៦) ការពិភាក្សាផ្ទៃក្នុងត្រៀមសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនាសំខាន់ៗ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានអនុម័តឯកសារផែនទីបង្ហាញផ្លូវ «Bandar Seri Begawan» សម្រាប់សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន និងរបាយការណ៍របស់ប្រធានឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២១ ហើយជាមួយគ្នានោះ ក៏បានប្រកាសជាផ្លូវការនូវការវាយតម្លៃលើការប្រកួតប្រជែងអាស៊ានរបស់អង្គការដើម្បីសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១៣,

រដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុនលើកទី១៣ និងកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសន្ទនាសំខាន់ៗ រួមមាន កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន លើកទី២០, អាស៊ាន-កូរ៉េ លើកទី១៨, អាស៊ាន-ស្វីស,

អាស៊ានបូកបី លើកទី២៤, អាស៊ាន-អាមេរិក, អាស៊ាន-ហុងកុង(ចិន) លើកទី៥, អាស៊ាន-ឥណ្ឌា លើកទី១៨, អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៦, អាស៊ាន-អឺរ៉ុប លើកទី១៧, អាស៊ាន-រុស្ស៊ី លើកទី១០, អាស៊ាន-ជប៉ុន លើកទី២៧,

អាស៊ាន-អង់គ្លេស លើកទី១, និងអាស៊ីបូព៌ា លើកទី៩។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា និងសម្រេចបានលទ្ធផលសំខាន់ៗ រួមមាន៖ (១)ការផ្លាស់ប្តូរទស្សនៈលើការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩

(២)ការកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានជាមួយបណ្តាប្រទេសដៃគូសន្ទនា (៣) ការអនុវត្តផែនការសកម្មភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

(៤)ការជំរុញបន្តការងារក្នុងការធ្វើឱ្យប្រសើរឡើង (Upgrading) នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានជាមួយបណ្តាប្រទេសដៃគូសន្ទនា ដូចជាការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) សំដៅពង្រីកកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅ និងនៅក្នុងវិស័យផ្សេងទៀត

(៤) ការអនុម័តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកម្មវិធីការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើពាណិជ្ជកម្មឌីជីថល ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ទីក្រុងឆ្លាត ការអភិវឌ្ឍធនធានមនុស្ស

ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពរឹងមាំនៃសេដ្ឋកិច្ចនាពេលអនាគត

និង (៥)ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាមួយបណ្តាប្រទេសដៃគូសន្ទនា ដែលនឹងប្រារព្ធទ្បើងក្នុងខែតុលា ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News