Social Network

ភាគី​កម្ពុជា​-​សិង្ហ​បុរី​បេ្ត​ជ្ញា​បន្ត​រួម​គ្នា​ពង្រីក​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជាឲ្យ​កាន់តែ​ប្រសើរ

រាជធានីភ្នំពេញ ៖ ភាគីកម្ពុជា-សិង្ហបុរី បានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាំងក្នុងតំបន់ និងពិភពលោក ។

ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មី ។

ក្នុងជំនួបលោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ិត សំហេង ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផ្តោតទៅលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនៅលើវិស័យនេះឲ្យកាន់តែ រឹងមាំបន្ថែមទៀត ។

លោកជំទាវ Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ។

លោកជំទាវអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការ ទូតរបស់លោកជំទាវនៅកម្ពុជាលោកជំទាវនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ។

ចំណែកលោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេស គឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់ ។

ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនា ញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថ យបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស ។

សំណើបន្ទាប់របស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ស្នើបន្តការចុះអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យTVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹង វិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុង ការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍិ ហើយកន្លង មកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគ យល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយនៃ ប្រទេសសិង្ហបុរីនៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារ ស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី ។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីបានបានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមាន កិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការប ញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ) ។

ចំពោះសំណើរបស់លោករដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយ ល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកជំទាវរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូជាមួយរដ្ឋាភិបាល កម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ។

នៅក្នុងជំនួបនេះដែរ ស្របពេលដែលកម្ពុជា កំពុងប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» លោកជំទាវអគ្គរដ្ឋទូតក៏បាន ចូលរួមសម្តែ ងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងការប្រារព្វទិវានេះផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព