Social Network

សម្តេច ទៀ បាញ់ ចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ រួមមាន៖ ទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចពិជ័យសេនា នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។

ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។

ក្នុងកិច្ចប្រជុំនេះសម្តេចពិជ័យសេនា ទៀបាញ់ នឹងផ្លាស់ប្តូរទស្សនៈស្តីពីសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ៕

ដកស្រង់ពី៖ Fresh News