Social Network

ក្រុមហ៊ុន​ជប៉ុន ចង់​វិនិយោគ​ដាំ​រុក្ខជាតិ​កញ្ឆា នៅ​កម្ពុជា និង​កែ​ច្នៃ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​ និង​ប្រទេសខ្លួន

រាជធានីភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបក្រៅផ្លូវការ ជាមួយលោកនាយកក្រុមហ៊ុន Yamato Green របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម ។

ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗ ដែលភាគីទាំងពីរឯកភាព និងមានឆន្ទៈ រួមគ្នាថា ត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅ ទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញ ។

ក្នុងនោះមានរុក្ខជាតិកញ្ឆា ដែលក្រុមហ៊ុនបានលើកយកមកពិភាក្សាថា រុក្ខជាតិកញ្ឆា ជាប្រភេទរុក្ខជាតិឱសថ សម្រាប់បម្រើឲ្យវិស័យសុខាភិបាល (គេយកគ្រាប់វា មិនមែនស្លឹក) ធ្វើជាឱសថ ។

មានក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ដោយនាំយកពូជពីសហរដ្ឋអាមេរិក នឹងនាំផលិតផលសម្រេចទៅប្រទេសអាមេរិក និងជប៉ុន ។

ក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានប្រទេសថៃ និងកូរ៉េ បានទទួលការអនុញ្ញាតឲ្យធ្វើការដាំដុះ និងកែច្នៃ ហើយត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌ ចុះកិច្ចសន្យាតាមបែបបច្ចេកទេស និងវិទ្យាសាស្ត្រ ។

ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកមកពិចារណាជាបឋម និងបានស្នើឲ្យក្រុមហ៊ុន សហការជាមួយក្រសួងពាក់ព័ន្ធ រួមជាមួយក្រសួងកសិកម្មផងដែរ ក្នុងការដាំដុះ

ក្នុងទំហំដីកំណត់ត្រឹមត្រូវ ច្បាស់លាស់មួយ ក្នុងស្ថានីយ ឬមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីជាភស្តុតាង ខាងផ្នែកវិទ្យាសាស្ត្រ មុនដាក់សំណើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច ។

ក្រៅពីរុក្ខជាតិកញ្ឆា ក្រុមហ៊ុន Yamato Green មានបំណងដាំ សណ្តែកសៀង ត្រសក់ផ្អែមជប៉ុន និងផ្លែប៊ឺ (Avokodo) ផងដែរ សមស្របទៅតាមស្ថានភាពភូមិសាស្ត្រ អាកាសធាតុស្រុកខ្មែរ លក្ខខណ្ធអំណោយផល និងមានតម្រូវការលើទីផ្សារជប៉ុន ៕

ដកស្រង់ពី៖ កោះសន្តិភាព