Social Network

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ៖ ​អតីតកាល​សាធារណរដ្ឋ​ឆែក​ជួយ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច និង​លុប​បំណុល​មួយ​ចំនួន​

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សាធារណរដ្ឋឆែកបានជួយពីអតីតកាល លើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំចំពោះកម្ពុជា ។

ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ធ្វើឡើង ខណៈអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវិមានសន្តិភាព ។

នេះបើតាមផេកផ្លូវការរបស់សម្តេចតេជោ ។ នៅក្នុងជំនួបនោះលោក Martin Vávra បានគោរពជម្រាបជូនសម្ដេចតេជោថា បេសកកម្មរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត ។

លោកបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជាឈរលើមូលដ្ឋាននេះ ឯកឧត្តមបានសន្យាចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ។

ជាមួយគ្នានោះផងដែរ លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជាជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម ។

ពាក់ព័ន្ធទៅនឹងបេសកកម្មការទូតរបស់លោកទូត នៅកម្ពុជា សម្ដេចតេជោ បានស្នើឲ្យលោកទូតយកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស ។

សម្ដេចតេជោបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។

សម្ដេចតេជោក៏បានជូនពរឲ្យលោកទូតទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ នាពេលខាងមុខ ៕

ដកស្រង់ពី៖ កោះសន្តិភាព