Social Network

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៥លានរៀល ជូនកីឡាករប្រដាល់រងរបួសព្រោះចរាចរណ៍

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥លានរៀល ដល់ក្រុមគ្រួសារកីឡាករប្រដាល់ ជឿន សុផាន់ណា ដែលកំពុងសម្រាកព្យាបាលរបួសគ្រោះថ្នាក់ចរាចរណ៍ ដើម្បី សម្រាលការលំបាក។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ថវិកាអំណោយរបស់សម្ដេចតេជោ ត្រូវបានលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ចាត់ ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកទៅប្រគល់ជូនកីឡាករ ធឿន សុផាន់ណា ដែលកំពុងសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រៅពីនាំយកថវិកាជូនហើយនោះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានផ្តាំផ្ញើឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់មើល ថែទាំអ្នកជំងឺកីឡាករ ធឿន សុផាន់ណា ឱ្យបានឆាប់ជាសះស្បើយផងដែរ។

សូមបញ្ជាក់ថា កីឡាករ ធឿន សុផាន់ណា រៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ ហើយក៏បានចាប់អាជីពជាអ្នកប្រដាល់។

នៅពេល ដែលគេឱ្យឡើងប្រកួត ទើបអាចទទួលប្រាក់ចំណូលខ្លះដើម្បីផ្គត់ផ្គង់ជីវភាព។ ក្រៅពីមានអាជីពជាអ្នកប្រដាល់ហើយនោះ កីឡាករ ធឿន សុផាន់ណា បានឆ្លៀតចាប់របរដឹកទំនិញឱ្យគេផងដែរ។

ជាអកុសលនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ សុផាន់ណា បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងដឹកទំនិញឱ្យ គេ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់នេះបណ្តាលឱ្យ សុផាន់ណា មានអាការៈគ្រាំគ្រាខ្លាំង ប៉ះពាល់ក្បាល បាក់ក្ដោងច្រមុះ និងពិការភ្នែកខាងស្តាំ៕

ដកស្រង់ពី៖ Fresh News