Social Network

លោក នេត្រ ភក្ត្រា៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បន្តការហ្វឹកហាត់បច្ចេកទេសដើម្បីពង្រឹងសមត្ថភាព បង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ

(មណ្ឌលគិរី)៖ «ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស ការពារ និងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។

នេះជាលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វទាំង២ ។

ពិធីប្រគល់បណ្ណសរសើរនេះ ធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្នែកសារព័ត៌មាន សហការរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ដែលមានអ្នកសារព័ត៌មានជិត ៤០នាក់ មកពីជាង២០ ស្ថាប័នចូលរួម។

លោក នេត្រ ភក្ត្រា បានថ្លែងថា មុននឹងចូលបំពេញការងារ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលត្រូវបានជ្រើសរើស ទទួលបាននូវការបណ្តុះបណ្តាលផ្នែកសមត្ថភាពវិជ្ជាជីវៈលើវិធីសាស្ត្រនៃការដើរល្បាត ច្បាប់បទដ្ឋានផ្សេងៗក្នុងនោះរួមមានទាំងច្បាប់នៃការប្រើប្រាស់អាវុធ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងវិធីសាស្ត្រពាក់ព័ន្ធផ្សេងទៀត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាព គឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើនក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិត និងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់គ្រប់ប្រភេទដែលត្រូវជនខិលខូចដាក់នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។

នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការ WWF មន្ត្រីឧទ្យានុរក្សបានទទួលការហ្វឹកហាត់នូវវិធីសាស្ត្រថ្មីៗបន្ថែមទៀត រួមនឹងវិធីសាស្ត្រនៃការពង្រឹងកាយសម្បទារបស់មន្ត្រីឧទ្យានុរក្សផងដែរ។

មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន០៦ រូបទទួលបានបណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថានក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស ០៣រូប បំពេញការងារ ក្នុង ដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀត បំពេញការងារយ៉ាងសកម្ម ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។

មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា ដែលបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដោយផ្ទាល់ដល់មន្ត្រីឧទ្យានុរក្សនៅស្នាក់ការត្រពាំងធ្មៀរនៃដែនជម្រកសត្វព្រៃស្រែពក បានថ្លែងថា បណ្ណសរសើរមេត្រីភាពបរិស្ថាននេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្ត ដ៏ មោះមុត ក្នុងការបំពេញការងារ ការពារធនធានធម្មជាតិ នៅកម្ពុជា។

ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ក៏បានថ្លែងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះលោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗ របស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមី ឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។

ក្រៅពីទទួលបានបណ្ណសរសើរ ពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ ក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំ ព្រេច ក៏ទទួលបានលិខិតសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ។

លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា បានថ្លែងថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រយូរអង្វែងចាប់តាំងពីឆ្នាំ១៩៩៨ មក ជាមួយក្រសួងបរិស្ថាន លើការគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្តោតពិសេសការគាំទ្រលើការកសាងសមត្តភាពមន្ត្រីឧទ្យានុរក្ស ការរៀបចំយុទ្ធសាស្រ្ត និងការពង្រឹងអនុវត្តច្បាប់ លោកសូមធ្វើការកោតសរសើរ

និងវាយតម្លៃខ្ពស់ចំពោះសមិត្តផលជាច្រើនដែលទទូលបានចេញពីការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃទាំងពីរ ចាប់ពីឆ្នាំ២០១៣-២០២០ ក្នុងនោះ

ឧទ្យានុរក្សប្រមូលអន្ទាក់បានសរុបចំនួន ២៤,៧៩៨អន្ទាក់ និងអន្ទាក់ឆក់ ១,០៩២៥ម៉ែត្រ រណាយន្ត១,៧៥២គ្រឿង

ឈេី២៦,៤៨៦មែ៉ត្រគីប និងការទន្ទ្រានដីព្រៃខុសច្បាប់ ២៣,៨៩៨ហិតា ចេញលិខិតព្រមាន ១,៥៩៧ករណី និងចាប់បានជនប្រព្រឹត្ត ១២៣នាក់ បញ្ជូនទៅតុលាការ។

លោក បានសេង ទៀក បានថ្លែងថា អង្គការ WWF ក៏សូមចូលរួមប្រគល់ជូនជាលិខិតសរសើរសម្រាប់ការងារជូនដល់មន្ត្រីឧទ្យានុរក្សគ្រប់ៗគ្នាទាំងអស់មកពីដែនជម្រកទាំងពីរ

ដើម្បីផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់មន្ត្រីជួរមុខរបស់យើងដែលមានឆន្ទៈមោះមុត ការសន្យានិងការលះបង់ខ្ពស់ ចូលរួមការពារធនធានធម្មជាតិនិងសត្វព្រៃដែលជាបតិកភ័ណ្ឌជាតិមានជីវិតសម្រាប់កូនចៅជំនាន់ក្រោយ៕

ដកស្រង់ពី៖ Fresh News