Social Network

ថ្ងៃស្អែកប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី លើកទី១៧ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជាមួយនឹងបណ្តារដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកទាំង៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី។

ការចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ម៉េវលុត ឆាវូស៊ូលុ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្រោមមូលបទ «ទេសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ» កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៉ី

លើកទី១៧ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ដើម្បីផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សម្រាប់ឆ្នាំ២០៣០។

ក្រសួងការបរទេសបន្ថែមថា ក្រៅពីកិច្ចប្រជុំនេះ តាមការផ្តួចផ្តើមរបស់ប្រទេសតួកគីដែលជាប្រធាននៃកិច្ចប្រជុំ សហព័ន្ធសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរបស់តួកគី នឹងរៀបចំកិច្ចប្រជុំសភាពាណិជ្ជកម្មនៃកិច្ចប្រជុំ ACD លើកទី១ ផងដែរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ។

គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៉ី លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៉ី លើកកម្ពស់ភាព

ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៉ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៉ីទៅជាសហគមន៍អាស៉ីមួយ ដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោលជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែវិជ្ជមានដល់សន្តិភាព និងវិបុលភាពទៅវិញទៅមក៕

ដកស្រង់ពី៖ Fresh News