Social Network

សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធអាគារសិក្សាថ្មី និងសមិទ្ធផលនានានៅសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អាគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ក្រុងបាត់ដំបង។

ពិធីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ នៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារ រដ្ឋលេធិការក្រសួងអប់រំយុវជននិងកីឡា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្រ្តីរាជការនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សចូលរួមផងដែរ។

បន្ទាប់ពីអានរបាយការណ៍សង្ខេបដោយលោក ងួន រតន: អភិបាលខេត្តបាត់ដំបងរួចមក។

តាមរបាយការណ៍បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកស្រី កែសួន សុភី ដែលបានចំណាយ ថវិកាផ្ទាល់ខ្លួន ព្រមទាំងថវិកាសប្បុរសជនក្រៅខេត្ត និងក្នុងខេត្តដោយបានចាប់ផ្តើមកសាងអាគារសិក្សានេះរួមមាន៖

១៖ ជួសជុលអាគារសម្តេច ជា ស៊ីម ១ខ្នង ២ជាន់ស្មើ១៦បន្ទប់ រួមមានដូរដំបូលថ្មី កម្រាល លាបថ្នាំក្នុង និងក្រៅ ជួសជុលបង្គន់អនាម័យ បំពាក់បណ្តាញអគ្គិសនីថ្មី បំពាក់គ្រឿងបរិក្ខាមួយចំនួនផ្សេងទៀត។

២៖ កសាងអាគារថ្មី១ខ្នង ២ជាន់ស្មើ១០បន្ទប់ និងបំពាក់គ្រឿងបរិក្ខាថ្មីមួយចំនួនទៀតអស់ទឹកប្រាក់សរុបទាំងអស់៥០៥,២៣៧ដុល្លារ។

សម្តេចក្រឡាហោម ស ខេង បានសំណេះសំណាលក្នុងឱកាសសម្ពោធសមិទ្ធផលនានានោះថា ដោយកិច្ចសហការពីរដ្ឋបាលខេត្ត និង ក្រសួងអប់រំ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចំណាយថវិកាចូលរួមចំណែកកសាងរហូតបានរួចរាល់ជាស្ថាពរ

និងដោយសារ មានករណីផ្ទុះជំងឺកូវីដ-១៩លើពិភពលោក និងមានការឆ្លងនាំចូលពីក្រៅប្រទេស ពិសេសនៅខេត្តបាត់ដំបងយើងជាបន្តបន្ទាប់ ធ្វើឲ្យ មានការយឺតយ៉ាវក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទើបតែពេលនេះយើងមានឱកាសសម្ពោធជាផ្លូវការ។

សម្តេចក្រឡាហោម សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរួមចំណែកកសាងអគារសិក្សាថ្មី

និងសមិទ្ធផលជាច្រើនទៀតរហូតសម្រេចបានជោគជ័យ។ក្នុងនោះសម្តេចក្រឡាហោមបានកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង ចែកអំណោយដល់សិស្សជានិមិត្តរូបផងដែរ៕

ដកស្រង់ពី៖ Fresh News