Social Network

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ឆ្នាំ២០២០ ក្រសួងដាក់ការតាមដានទៅលើ Page ព័ត៌មានក្លែងក្លាយជាង១ពាន់ករណី

(ភ្នំពេញ)៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងព័ត៌មានបានដាក់ការ តាមដានទៅលើ Page ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញុងជេរប្រមាថចំនួន១,៣៤៣ករណី។

សម្រាប់ផេកដែលបានបង្ហោះព័ត៌មានក្លែងក្លាយទាំងអស់នោះ ផេកខ្លះ ត្រូវបានក្រសួងព័ត៌មានផ្ញើទៅអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្ត ខណៈផេកមួយចំនួនទៀត ក៏ត្រូវបានផ្ញើជូនទៅក្រុមហ៊ុន Facebook ដើម្បីមានវិធានការចាត់ការ។ ជាមួយគ្នានោះផេកព័ត៌មានខ្លះ ក៏ត្រូវបានក្រសួងព័ត៌មាន ផ្ញើជូនទៅក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដើម្បីធ្វើការបិទចោលផងដែរ។

លោក ផុស សុវណ្ណ បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ការប្រើប្រាស់ អ៊ីធឺណិត ប្រកបដោយសុវត្ថិភាពក្នុងកំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ និងដោយមានការចូលរួម ពីសិក្ខាកាមជាច្រើននាក់ផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ ក៏ដើម្បីជាការចែករំលែកដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានស្វែងយល់ពីការប្រើប្រាស់អ៊ីនធឺណិត និងការចែកចាយនូវព័ត៌មានផ្សេងៗ ប្រកបដោយសុវត្ថិភាព

ដោយសារបច្ចុប្បន្ននេះការផ្សព្វផ្សាយ ភាគច្រើនគឺនៅលើបណ្តាញអ៊ីនធ័រណែត ដូចនេះហើយគឺត្រូវដឹងថា តើព័ត៌មាននោះមានប្រភពមកពីណា មានបរិបទត្រូវនឹងអ្វីដែលយើងចង់បានឫអត់ ហើយបើយើងមិនដឹងច្បាស់ទេ រួចយកទៅចែកចាយបន្តនោះ និងបង្ករឱ្យប្រជាពលរដ្ឋ មានការភ័ណ្ឌច្រឡំ ទាក់ទងនឹងរឿងទាំងអស់នោះ។

លោកបានបញ្ជាក់ទៀតថា ការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន លើវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមយ៉ាងសកម្មក្នុងការពង្រីកការតភ្ជាប់ ទំនាក់ទំនងរបស់មនុស្សជាតិ និងបានផ្តល់អត្ថប្រយោជន៍

ជាច្រើនដល់ប្រតិបត្តិករ សោតទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយជានានា នូវមធ្យោបាយជាច្រើនប្រកបដោយ គុណភាព ក្នុងការផ្សព្វផ្សាយ មាតិការបស់ខ្លួន និងបានផ្តល់ឱ្យប្រជាពលរដ្ឋទទួលបាននូវមាតិកាដ៏សម្បូរបែប ក៏ដូចជាបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋគ្រប់រូប អនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ

និងសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានកាន់តែទូលំទូលាយ។ ប៉ុន្តែបច្ចេកវិទ្យា ក៏បានធ្វើឱ្យការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ ព័ត៌មានញុះញង់ ប្រព្រឹត្តទៅបានកាន់តែលឿងជាពេលមុនៗទ្វេរដង ដែលប៉ះពាល់យ៉ាងធំធេងដល់ការសម្រេចចិត្ត របស់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃបង្កឱ្យមានអសណ្តាប់ធ្នាប់សង្គមផងដែរ។

បញ្ហាអវិជ្ជមានទាំងនេះបានបង្កឱ្យមាន ការរើសអើង ឬអុជអាលឱ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ ឋានៈ ឬស្ថានភាពឯទៀតដូចជាការបង្កឱ្យមាន ចលាចល បណ្តាលឱ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈវប្បធម៌ប្រពៃណីជាតិ និងទំនាក់ទំនងជាមួយប្រទេសដទៃផងដែរ។

លោក ផុស សុវណ្ណ បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយមិនពិត ក្លែងបន្លំ អំពីជំងឺកូវីដ-១៩ ក៏បាននាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងារ របស់អាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈផងដែរ៕

ដកស្រង់ពី៖ Fresh News