Social Network

ភាពជាមេដឹកនាំ ក្នុងសមរភូមិកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេច ក៏បានប្រកាសថា វ៉ាក់សាំង ដែលនឹងចាក់លើកទីមួយ និងមុនគេ គឺរូបសម្តេចនេះតែម្តង។

ការសម្រេចចិត្តដូច្នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀម ជួរមុខ ដែលជាទម្លាប់ធម្មតារបស់សម្តេច រាប់សិបឆ្នាំមកហើយ។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ឲ្យប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ចំនួន ៥០ម៉ឺននាក់។

សម្តេចតេជោ បញ្ជាក់ថា អ្នក ដែលត្រូវចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន មុនគេ គឺសម្តេច រួមនឹងអ្នកនៅជុំវិញសម្តេចផ្ទាល់ ជុំវិញព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ជាដើម។

បន្ទាប់មក ខ្សែត្រៀមជួរមុខ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងគ្រប់ប្រភេទ មន្ត្រីយុត្តិធម៌ អ្នកបោសសម្អាត អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ចិននេះ នឹងត្រូវចាក់ជូន ប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត។

សម្តេចតេជោ ក៏បានបន្តថា វ៉ាក់សាំងរបស់ចិន គឺងាយស្រួលក្នុងការរក្សាទុក ហើយក៏ងាយ ស្រួលក្នុងការដឹកនាំជញ្ជូនពីចិន មកកម្ពុជា។

កម្ពុជា ដែលបន្ទាប់ពីទទួលវ៉ាក់សាំង ដោយឥតគិតថ្លៃពីចិន ចំនួន ១លានដូសនេះហើយ កម្ពុជា នឹងទិញវ៉ាក់សាំងកូវីដបន្ថែមពីចិន ឬក៏ពីក្រុមហ៊ុនវ៉ាក់សាំង ប្រទេសដទៃណាទៀត សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឲ្យបានយ៉ាង ហោចណាស់ ១០លាននាក់ ទៅ ១៣លាននាក់ តាមការគ្រោងទុក។

ទ្រឹស្តីជាច្រើន បានលើកឡើងពីមេដឹកនាំ ដែលត្រូវតែជាអ្នកនាំមុខមនុស្សជាច្រើន។ ភាពរីកចម្រើនមួយផ្នែកធំរបស់ប្រទេស ឬអង្គភាពណាមួយ គឺអាស្រ័យលើភាពប៉ិនប្រសប់ ក្នុងការដឹកនាំ និងប្រើប្រាស់មនុស្សតាមជំនាញ។

មេដឹកនាំ ត្រូវតែជាមនុស្ស ដែលមាន ភាពវៀងវៃ រហ័សរហួន និងមានទំនួលខុសត្រូវខ្ពស់ ចំពោះការងារ និងប្រទេសទេសជាតិ។

ទ្រឹស្តីនានា បានលើកឡើងពីលក្ខណៈសម្បត្តិយ៉ាងហោចណាស់ ៥យ៉ាង របស់មេដឹកនាំ រួមមាន៖

១-ត្រូវមានអត្តចរិត និងសីលធម៌ល្អ

២-ត្រូវស្គាល់ប្រជាជន ឬសមាជិកក្រុមឲ្យ បានច្បាស់៣-ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ឬធ្វើឲ្យក្រុមការងារកាន់តែរឹងមាំ ៤-ត្រូវមានទំនាក់ទំនងល្អ និងពូកែលើកទឹកចិត្ត និង៥-ត្រូវមានទំនួលខុសត្រូវខ្ពស់ មិនធ្វើអ្វីមួយយកមុខមាត់តែឯងទេ តែអ្នកដឹកនាំ ត្រូវចេះទទួលយកគំនិតពីកូនក្រុម មកពិចារណា និងចេញមុខដោះស្រាយបញ្ហា នៅពេលមានបញ្ហាកើតឡើង។

ក្នុងករណីថ្នាំវ៉ាក់សាំងកូវីដរបស់ចិន គឺមេដឹកនាំចិន ពិសេសលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន បានចាក់យូរខែណាស់មកហើយ។ ករណីនេះ ហាក់ដូចជាការពិសោធន៍ ហើយប្រមុខការទូតចិន ក៏មានសុខភាពល្អធម្មតា ដោយមិនឆ្លងកូវីដ១៩ ឡើយ។

ថ្មីៗនេះទៀត មេដឹកនាំឥណ្ឌូនេស៊ី លោកប្រធានាធិបតី ក៏បានក្លាយជាមនុស្សទី១ នៅឥណ្ឌូនេស៊ី ចាក់វ៉ាក់សាំងកូវីដរបស់ចិន មុននឹងឥណ្ឌូនេស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដនេះ ដល់ប្រជាជនឥណ្ឌូនេស៊ី ដែលមានចំនួនច្រើនលំដាប់ទី៤ លើពិភពលោក។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទទួលចាក់វ៉ាក់សាំងកូវីដរបស់ ចិនមុនគេ នៅកម្ពុជានេះ ក៏ដូចអ្វីដែលសម្តេចតេជោ បានលើកឡើងរួចហើយ

គឺដើម្បីបង្កើតនូវជំនឿទុកចិត្តលើវ៉ាក់សាំងរបស់ចិន ខណៈដែលមានជនអគតិមួយចំនួន នៅតែគិតថា ចិនយកវ៉ាក់សាំងនោះ មកសាកពិសោធន៍នៅកម្ពុជា ឬក៏ថា ថ្នាំរបស់ចិន មិនមានប្រសិទ្ធភាព ជាដើម។

ម្យ៉ាងទៀត សម្តេចតេជោ ហ៊ុន សែន ក៏មានបំណងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈសម្តេចផ្ទាល់ ជាអ្នកទទួលយកវ៉ាក់សាំងមុនគេ ហើយបើមានបញ្ហាអ្វីកើតឡើង ដែលប្រតិកម្មដោយសារវ៉ាក់សាំងកូវីដរបស់ចិន ក៏សម្តេចតេជោ ស្ម័គ្រខ្លួន ជាអ្នកពិសោធន៍ ជាមនុស្សទី១ នៅកម្ពុជា។

ការសម្រេចចិត្តស្ថិតនៅខ្សែត្រៀមជួរមុខ ជាទម្លាប់ធម្មតារបស់សម្តេច ហ៊ុន សែន ជា ច្រើនទសវត្សរ៍មកហើយ ចាប់តាំង ពីពេលដែលសម្តេចបានយកជីវិតធ្វើដើមទុន ដើម្បី កសាងសន្តិភាពនៅកម្ពុជា។

ក្នុងពេលវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០២០ ក៏សម្តេចហ៊ុនសែននេះហើយ ដែលបានទៅចិនមុនគេ ក្នុងពេលចិនកំពុងរាតត្បាតឆ្លងរាលដាលកូវីដ១៩ នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ក៏បានទៅចាប់ដៃ ទទួលស្វាគមន៍អ្នក ទេសចរបរទេសចម្រុះជាតិសាសន៍ នៅនាវាទេសចរណ៍ វេស្ទ័រដាំ ក្នុងខេត្តព្រះសីហនុ។

នៅមានរឿងជាច្រើនរាប់មិនអស់ទៀត ដែលសម្តេចតេជោ ហ៊ុន សែន តែងនាំមុខគេ។

ជាសរុប ប្រជាជនកម្ពុជា នឹងកក់ក្តៅក្នុងចិត្តមួយកម្រិតទៀត លើវ៉ាក់សាំងចិន ខណៈដែលមិនយូរទេ នៅពេលវ៉ាក់សាំងកូវីដរបស់ចិនមកដល់ សម្តេចតេជោ ហ៊ុន សែន នឹងចាក់មុនគេ មុននឹងអ្នកនៅជុំវិញសម្តេច

រួមទាំងកងអង្គរក្សរបស់សម្តេច ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ រាប់ទាំងព្រះមហាក្សត្រ នឹងទទួលចាក់វ៉ាក់សាំងចិន ក្នុងជំហានដំបូង ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត៕

ដកស្រង់ពី៖ កោះសន្តិភាព