Social Network

២ថ្ងៃទៀតសែនចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិ ជួបតែសេចក្តីសុខចម្រុងចម្រើន ទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នា !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានបង្ហោះសារជូនពរដល់បងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នា ខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃសែនចូលឆ្នាំចិននឹងចូលមកដល់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ សូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិត មិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ ដូចជាពេលស្រវឹងស្រាកុំបើកបរ ព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ។

សម្តេចតេជោក៏មិនបានភ្លេចពាក្យ «អរគុណសន្តិភាព» ផងដែរ ព្រោះដោយសារតែសន្តិភាពនេះហើយ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រៀបចំប្រារព្ធពិធីបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយ។

សម្តេចតេជោ ហ៊ុន សែន សរសេរក្នុង Facebook យ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅសល់តែ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។

មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរ ក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។ សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់ នៅកាន់តែធូរធារផងដែរ។

តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ចូលឆ្នាំចិន ស្រវឹងខ្មែរ”។

តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិត មិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។ អរគុណសន្តិភាព»៕

ដកស្រង់ពី៖ Fresh News