Social Network

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា

(កំពង់ឆ្នាំង)៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានកំពុងសិក្សាអំពីសក្តានុពល នៃផលិតផលស្មូនដី ដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិរក្ស និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាសិប្បករស្មូនដី»។

នេះបើតាមការឱ្យដឹងពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ។ នាឱកាសដឹកនាំមន្ត្រី ចុះពិនិត្យមើលសិប្បកម្មស្មូនដី ស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលពីថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នំា២០១៩ ដើម្បីរៀបចំបង្កើត «មជ្ឈមណ្ឌលភូមិមួយផលិតផលមួយ លើវិស័យស្មូនដីកម្ពុជា» លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់ប្រជាជន នៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់ថែរក្សាមុខរបរស្មូនដី ដែលមានប្រវត្តិជាប់ទាក់ទងនឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ប្រជាជន នៅក្នុងខេត្តកំពង់ឆ្នាំង តាំងពីបុរាណកាល។

លោករដ្ឋមន្ត្រី បានសន្យានឹងខិតខំកៀងគរប្រភពធនធានផ្សេងៗ ដើម្បីជួយធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ និងស្វែងរកទីផ្សារឱ្យបានទូលំទូលាយ សម្រាប់ផលិតផលស្មូនដីរបស់កម្ពុជា តាមរយៈការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយឱ្យប្រជាជន និងពិភពលោកបានស្គាល់អំពីផលិតផល ដ៏មានសក្តានុពលមួយនេះ។

សូមជម្រាបថា កម្មវិធីទស្សនកិច្ចខាងលើ ក៏មានការចូលរួមពី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុននាំចេញផលិតផលខ្មែរ ប្រធានសមាគមទេសចរណ៍ ប្រធានសមាគមស្ត្រី ប្រធានសហគមន៍សិប្បកម្មស្មូនឆ្នាំង សិប្បករ ផលិតករ និងប្រជាពលរដ្ឋ ត្រូវបានធ្វើឡើងក្នុងគោលបំណង៖

១៖ ផ្សព្វផ្សាយ និងបញ្ជា្របអំពីគំនិតផ្តួចផ្តើម និងការរៀបចំផែនការទិសដៅរបស់ក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមគាំទ្រ និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា

២៖ បំផុស និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធសិប្បកម្មស្មូនឆ្នាំង សំដៅជំរុញ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍទៅជាផលិតផលអត្តសញ្ញាណ (ភូមិមួយផលិតផលមួយ) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

៣៖ ចូលរួមធ្វើពិពិធម្មឱកាសការងារ និងមុខរបរជូនប្រជាពលរដ្ឋមូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។

៤៖ សិក្សាស្វែងយល់ឱ្យបានច្បាស់សាល់ អំពីទីតាំងភូមិសាស្ត្រជាក់លាក់ សម្រាប់ដាក់បញ្ជូលទៅក្នុងយុទ្ធសាស្ត្រជំរុញចលនាភូមិមួយផលិតផលមួយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ ក៏បានចូលរួមធ្វើជាសាក្សី ក្នុងការចុះកិច្ចសន្យាទិញ-លក់ផលិតផលស្មូនដី ចំនួន២ គឺមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិបាញ់ឆ្គោល ជាមួយក្រុមហ៊ុន Best Life Product Co.,Ltd និងលោកស្រី អ៊ួន ពៅ ម្ចាស់សិប្បករកុលលាភាជ ជាមួយក្រុមហ៊ុន Best Life Product Co.,Ltd ដែលមានទឹកប្រាក់ ២០លានរៀលផងដែរ៕

ដកស្រង់ពី៖ Fresh News