Social Network

រុស្ស៉ីចាប់ផ្តើមការហ្វឹកហ្វឺនជាមួយមីស៉ីលបាលិស្ទីគអន្តរទ្វីប Yars ដើម្បីដំឡើងសាច់ដុំនុយក្លេអ៊ែររបស់ខ្លួន

 (មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងនៅថ្ងៃពុធនេះថា រុស្ស៉ីបានចាប់ផ្តើមការធ្វើលំហាត់ជាមួយ ប្រព័ន្ធមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ឈ្មោះថា យ៉ាស (Yars) ដែលមានការចូលរួមពីកងទ័ពរាប់ពាននាក់ ខណៈសកម្មភាពនេះត្រូវបានមើលថា ទំនងជាចេតនាមួយទៀតរបស់ទីក្រុងមូស្គូ ដើម្បីសម្ញែងពីអានុភាពនុយក្លេអ៊ែររបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។ ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា មានទាហានសរុបជាង៣,០០០នាក់ ព្រមទាំងសម្ភារចំនួន៣០០គ្រឿង ត្រូវចូលរួមក្នុងសមយុទ្ធខាងលើ។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានកំណត់គោលដៅធ្វើឱ្យប្រព័ន្ធមីស៉ីល ICBM ខាងលើ ដែលជំនួសប្រព័ន្ធមីស៉ីលឈ្មោះ ថូប៉ូល (Topol) ក្លាយជាផ្នែកនៃ «អាវុធគ្មានចំណុចខ្សោយ» របស់ប្រទេសរុស្ស៉ី និងជាសមាសធាតុស្នូលនៃក្រុមអាវុធនុយក្លេអ៊ែររុស្ស៉ីសម្រាប់បាញ់ចេញពីផ្ទៃដី។

មានលក្ខណៈផ្នែកបច្ចេកទេសនិងយុទ្ធសាស្រ្តតិចតួចប៉ុណ្ណោះ ដែលគេដឹងពាក់ព័ន្ធប្រព័ន្ធមីស៉ីល Yars ដូចជារយៈចម្ងាយធ្វើប្រតិបត្តិការ ១២,០០០គីឡូម៉ែត្រ សមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចកំណត់គោលដៅផ្សេងគ្នា ហើយវាអាចបំពាក់នៅលើជើងទម្រចល័ត ឬដាក់ពង្រាយតាមមូលដ្ឋានបាញ់ចេញពីក្រោមដី ហៅថា សាយឡូ (silo) ក៏បាន។

គួរបញ្ជាក់ថា ចាប់តាំងពីការបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានធ្វើសមយុទ្ធយោធាច្រើនដោយខ្លួនឯង ឬជាមួយប្រទេសដទៃ ដូចជាចិននិងអាហ្រ្វិកខាងត្បូង។ ទីក្រុងមូស្គូក៏បានបង្កើនការហ្វឹកហាត់យោធា ជាពិសេសជាមួយបេឡារុសផងដែរ។

កាលពីចុងសប្តាហ៍មុន លោក ពូទីន បានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចនៅបេឡារុស ហើយក្នុងសប្តាហ៍នេះ បេឡារុសបាននិយាយថា ខ្លួនបានសម្រេចចិត្តទទួលយក ការដាក់ពង្រាយនុយក្លេអ៊ែររបស់រុស្ស៉ី ដើម្បីឆ្លើយតបចំពោះទណ្ឌកម្មរបស់លោកខាងលិច និងអ្វីដែលខ្លួនអះអាងថា ជាការពង្រឹងកម្លាំងយោធាគួរឱ្យបារម្ភ របស់បណ្តារដ្ឋជាសមាជិកអង្គការណាតូ (NATO) ដែលស្ថិតនៅក្បែរព្រំប្រទល់បេឡារុស៕

ដកស្រង់ពី៖ Fresh News