Social Network

ចិន បង្កើនកញ្ចប់ថវិកាយោធាដល់ ២២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ

 កាលពីថ្ងៃអាទិត្យ ចិន បានប្រកាសថា ខ្លួន នឹងបង្កើនកញ្ចប់ថវិកាយោធា ៧.២% នៅក្នុងឆ្នាំ២០២៣នេះ ធៀបទៅនឹង៧.១% កាលពីឆ្នាំ២០២២ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះ លោក លី ខឺជាំង ព្រមានពីការកើនឡើងនៃការគំរាមកំហែងពីខាងក្រៅដល់ការរីកចម្រើនរបស់ទីក្រុងប៉េកាំង។

បើតាមរបាយការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុចិន ចេញផ្សាយនៅថ្ងៃបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាចិន ប្រទេសចិន នឹងចំណាយលើកញ្ចប់ថវិកាយោធា ១.៥៥ទ្រីលានយ័ន ឬស្មើនឹង ២២៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ។

កញ្ចប់ថវិកាយោធារបស់ទីក្រុងប៉េកាំង កាលពីឆ្នាំ២០២២ មាន ១.៤៥ទ្រីលានយ័ន ឬស្មើនឹង ២១០ពាន់លានដុល្លារ ហើយមកទល់នឹងបច្ចុប្បន្ន ចិន គឺជាប្រទេស ដែលមានកញ្ចប់ថវិកាយោធាធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលឈរនៅលេខ១ និងបានបញ្ចេញកញ្ចប់ ថវិកាយោធាដ៏មហិមារជាង ៨០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

ប៉ុន្តែក្រុមអ្នកវិភាគជាច្រើន ជឿជាក់ថា កញ្ចប់ថវិកាយោធាចិនពិតប្រាកដ អាចនឹងមានច្រើនជាងចំនួនតួលេខដែលបង្ហាញជាសាធារណៈ។

សូមបញ្ជាក់ថា ទីក្រុងប៉េកាំង បានបង្កើនការចំណាយលើវិស័យយោធាពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន ក្នុងគោលបំណងប្រែក្លាយកងទ័ពរំដោះប្រជាជនចិន ទៅជាកងទ័ពលំដាប់ពិភពលោកនៅឆ្នាំ២០៤៩ តាមផែនការ ដែលដាក់ចេញដោយលោកប្រធានាធិបតីចិន ស៊ី ជិនពីង៕