Social Network

កូរ៉េខាងជើង ថា UN គួរតែជំរុញឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

 ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិស្នើទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នាជាបន្ទាន់ ដោយសង្កត់ធ្ងន់ថាប្រទេសទាំង២ កំពុងបង្កើនភាពតានតឹង ដែលអាចនឹងស្ថិតនៅក្រៅការគ្រប់គ្រង។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយ មានរយៈពេល ១០ថ្ងៃ នៅក្នុងខែមីនានេះ ក្នុងនោះរួមមានលំហាត់សឹកដឹកទាហានឆ្លងសមុទ្រ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានអះអាងថា ការធ្វើសមយុទ្ធយោធារបស់ពួកគេ មានគោលដៅការពារខ្លួនឯង និងជារឿងចាំបាច់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើនឡើង ដោយសារតែការធ្វើតេស្ដមីស៊ីល និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប៉ុន្តែកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែរថា បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិដួលរលំ ហើយថាអាវុធនុយក្លេអ៊ែររបស់ខ្លួន គ្រាន់តែជាវិធានការឆ្លើយតប ដើម្បីធានាតុល្យភាពអំណាចនៅក្នុងតំបន់តែប៉ុណ្ណោះ នេះបើតាមការចេញផ្សាយរបស់ AFP ។