Social Network

សហរដ្ឋអាមេរិក ចល័តយន្តហោះទម្លាក់គ្រាប់បែក B-52 ក្នុងសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿង ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ចូលរួមសមយុទ្ធយោធា កាលពីថ្ងៃចន្ទ ជាមួយកូរ៉េខាងត្បូង ដើម្បីជាការដំឡើងសាច់ដុំប្រឆាំងការគំរាមកំហែងមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងសម្រេចបាននូវសន្តិភាពតាមរយៈភាពរឹងមាំ ដោយការបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា។

ការធ្វើលំហាត់យោធាផ្លូវអាកាសខាងលើនេះ កើតមានឡើងស្របពេលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន កំពុងត្រៀមលក្ខណៈប្រារព្ធសមយុទ្ធយោធារួមប្រចាំឆ្នាំក្នុងទ្រង់ទ្រាយធំ ដែលមានរយៈពេលជាង១០ថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ។ សូមបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងពីរ តែងតែបង្កឱ្យមានប្រតិកម្មពីកូរ៉េខាងជើង រួមមានទាំងការបាញ់តេស្តមីស៉ីលបាលិស្ទីគ ក៏ដូចជាការព្រមានពីអាវុធនុយក្លេអ៊ែរ។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារឱ្យអង្គការសហប្រជាជាតិបញ្ឈប់ជាបន្ទាន់នូវការធ្វើសមយុទ្ធយោធារួមរបស់អាមេរិក និងកូរ៉េខាងត្បូង ក្រោមហេតុផលថា សកម្មភាពទាំងនេះ កំពុងបង្កឱ្យភាពតានតឹងកើនឡើងក្នុងតំបន់ នេះបើតាមការផ្សាយរបស់ AFP ។