Social Network

រុស្ស៉ីចាត់ទុក ការបញ្ជូនរថក្រោះរបស់អាល្លឺម៉ង់ទៅអ៊ុយក្រែន ជាការបង្កជម្លោះនិងក្បត់ប្រវត្តិសាស្រ្ត

(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានប្រតិកម្មដោយកំហឹងចំពោះការយល់ព្រមរបស់អាល្លឺម៉ង់ដើម្បីជញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ដោយចាត់ទុកថាទីក្រុងបែរឡាំង កំពុងបោះបង់ចោល «ការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ខ្លួនចំពោះរុស្ស៊ី» ដែលកើតឡើងពីឧក្រិដ្ឋកម្មណាស៊ីក្នុងសង្គ្រាមលោកលើកទីពីរ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា «សកម្មភាពនេះគឺជាការបញ្ជាក់ពីការចូលរួមរបស់អាល្លឺម៉ង់ នៅក្នុងសង្រ្គាមដែលបានគ្រោងទុកជាមុន ប្រឆាំងនឹងរុស្ស៊ី»។

ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅអាល្លឺម៉ង់ លោក សឺហ្គៃ នេឆាយ៉េវ (Sergei Nechayev) ក៏បានគូសបញ្ជាក់ផងដែរថា «ការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុតនេះនាំជម្លោះ ឈានទៅរកកម្រិតថ្មីនៃការប្រឈមមុខគ្នា ហើយវានឹងបង្កឲ្យមានការខូចខាតដែលមិនអាចជួសជុលបាន ចំពោះស្ថានភាពដ៏គួរឲ្យស្អប់ខ្ពើមនៃទំនាក់ទំនង រុស្ស៊ី-អាល្លឺម៉ង់»។

គួរបញ្ជាក់ថា ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច បានអះអាងថាឈ្លានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹងសង្រ្គាមឈ្លានពានដែលមិនមានការបង្កហេតុ សំដៅដណ្តើមយកទឹកដី។

រីឯ ទីក្រុងមូស្គូចោទលោកខាងលិចថាកំពុងប្រើអ៊ុយក្រែន ដើម្បីធ្វើឲ្យសន្តិសុខជាតិរបស់ខ្លួនចុះខ្សោយ៕

ដកស្រង់ពី៖ Fresh News