Social Network

ភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៉ី បង្ខំឲ្យជម្លៀសប្រជាជនច្រើនជាង៣,៤០០នាក់ ទៅកាន់ទីសុវត្ថិភាព (Video inside)

(គូឡាឡាំពួ)៖ ជនរងគ្រោះដោយទឹកជំនន់ប្រមាណជិត៣,៥០០នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋចូហូរ (Johor) នៃប្រទេសម៉ាឡេស៉ី នៅថ្ងៃពុធនេះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកផ្នែកខ្លះនៃរដ្ឋមួយនេះ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឲ្យដឹងថា រដ្ឋចូហូរ បានកត់ត្រាជនរងគ្រោះដោយទឹកជំនន់ចំនួន៣,៤៨២នាក់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

សារព័ត៌មាន Bernama បានរាយការណ៍ថា បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ ឥឡូវនេះមានមជ្ឈមណ្ឌលសង្គ្រោះចំនួន៣៥ កំពុងដំណើរការនៅក្នុងរដ្ឋចូហូរ។ ស្រុកសេហ្កាម៉ាត (Segamat) រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានប្រជាជនចំនួន១,៣៩២នាក់ រស់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១៣។

នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករណ៍នៅព្រឹកថ្ងៃពុធនេះថា នឹងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងទីរដ្ឋចូហូរ រយៈពេលពេញមួយថ្ងៃ ព្រមជាមួយនិងការព្រមាន ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុកមួយចំនួននៃរដ្ឋនេះ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់គឺជាបាតុភូតប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែខ្យល់មូសុងឦសានដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕

ដកស្រង់ពី៖ Fresh News