Social Network

សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញពីជំហរគាំទ្រ ហ្វាំងឡង់ និងស៊ុយអែត ចូល NATO

 (វ៉ាស៉ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ទាំងហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិក របស់អង្គការណាតូ (NATO) ជាថ្មីម្តងទៀត បន្ទាប់ពីទីក្រុងហែលស៉ិនគី (Helsinki) បានលើកឡើងពីការផ្អាកកិច្ចពិភាក្សាត្រីភាគីជាមួយតួកគី លើពាក្យស្នើសុំចូលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាមួយនេះ។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស លោក នេត ប្រាយស៍ (Ned Price) ត្រូវបានចោទសួរម្តងហើយម្តងទៀតថាតើទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រ ការចូលជាសមាជិករបស់ហ្វាំងឡង់ដោយគ្មានប្រទេសស៊ុយអែតទេ?

ប៉ុន្តែលោក ប្រាយស៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយចាត់ទុកថាជា «វាជាការរំពឹងទុក និងមិនមែនជា សំណួរដែលត្រូវសួរនៅពេលនេះទេ»។ លោក ប្រាយស៍ បានបន្ថែមថា «ទាំងអស់នេះគឺជាកិច្ចពិភាក្សាអំពីហ្វាំងឡង់ និងស៊ុយអែត។ អំពីការផ្លាស់ប្តូរពីសម្ព័ន្ធមិត្ត២៨ប្រទេស ទៅជា៣០ប្រទេស។

ចំពោះករណីរបស់ ហ្វាំងឡង់ចូលរួមជាមួយណាតូដាច់ដោយឡែក គ្រាន់តែជាសំណួរដែលយើងមិនទាន់អាចឆ្លើយបាន»។

គួរបញ្ជាក់ថា បន្ទាប់ពីមានការតវ៉ានៅជិតស្ថានទូតតួកគី នៅក្នុងទីក្រុងស្តុកខុល (Stockholm) នៃប្រទេសស៊ុយអែត កាលពីចុងសប្តាហ៍មុន ដែលមានការដុតច្បាប់ចម្លងនៃ គម្ពីគួរអាន ប្រធានាធិបតីតួកគីបាននិយាយថា ស៊ុយអែតមិនគួររំពឹងថានឹងមានការគាំទ្រពីប្រទេសរបស់លោកទេ ជុំវិញការចូលជាសមាជិកក្នុងអង្គការណាតូ៕

ដកស្រង់ពី៖ Fresh News