Social Network

រដ្ឋាភិបាលបារាំង បដិសេធមិនព្រមចុះចាញ់ស្តីពីកំណែទម្រង់ច្បាប់សោធននិវត្តន៍ នៅចំពោះមុខបាតុកម្មតវ៉ារបស់មហាជន

 រដ្ឋាភិបាលបារាំង បានជម្នះឈានទៅមុខជាមួយនឹងផែនការកំណែទម្រង់សោធននិវត្តន៍ ដែលមានភាពចម្រូងចម្រះខ្លាំង ដោយនឹងបង្កើនអាយុចូលនិវត្តន៍ដល់ពី៦២ ទៅ៦៤ឆ្នាំ បើទោះជាមានប្រតិកម្មតវ៉ាយ៉ាងខ្លាំងពីសាធារណៈជនក៏ដោយ។

ក្រៅពីការបង្កើនអាយុចូលនិវត្តន៍បន្តិចម្តងៗពី៦២ ដល់ ៦៤ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ច្បាប់នេះ ក៏នឹងបង្កើនចំនួនឆ្នាំអប្បបរមា ដែលប្រជាជនត្រូវដាក់ចូលទៅក្នុងប្រព័ន្ធ ដើម្បីទទួលបានប្រាក់សោធនពេញលេញពី៤២ឆ្នាំ ទៅ៤៣ឆ្នាំផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ លោក Olivier Dussopt បាននិយាយថា រដ្ឋាភិបាល មិនចុះសម្រុងជាមួយក្រុមសហជីព ដែលនៅជួរមុខនៃការធ្វើកូដកម្ម និងការតវ៉ាដ៏ធំកាលពីថ្ងៃព្រហស្បតិ៍នោះទេ ដោយនៅពេលនោះមានមនុស្សជាង ១.១លាននាក់ បានដើរក្បួន ដើម្បីតវ៉ាអំពីកំណែទម្រង់ប្រាក់សោធននិវត្តន៍។សហជីពកម្មករ គ្រោងនឹងរៀបចំធ្វើកូដកម្មមួយផ្សេងទៀតនៅថ្ងៃទី៣១ ខែមករា ដោយព្រមានថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងវិធានការតវ៉ា ប្រសិនបើរដ្ឋាភិបាល មិនព្រមត្រឡប់ក្រោយ នេះបើតាមការផ្សាយរបស់ AFP ។