Social Network

រុស្ស៉ី ប្រកាសពីការហោះល្បាតយន្តហោះទម្លាក់គ្រាប់បែករួមគ្នាជាមួយចិន នៅសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត

ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា ក្រុមយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្តរបស់ប្រទេសខ្លួន ហើយនិងចិន បានរួមគ្នាធ្វើការហោះល្បាតនៅលើដែនអាកាស នៃតំបន់សមុទ្រជប៉ុន និងសមុទ្រចិនខាងកើត កាលពីថ្ងៃពុធ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមយន្តហោះទម្លាក់គ្រាប់បែក Tu-95MC របស់កងទ័ពអាកាសរុស្ស៉ី ហើយនិងក្រុមយន្តហោះទម្លាក់គ្រាប់បែក Xian H-6K របស់កងទ័ពអាកាសចិន បានហោះល្បាតផ្ទៃអាកាសរួមគ្នានៅលើដែនទឹក នៃសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត។ ក្រុមយន្តហោះយោធារុស្ស៉ី-ចិន បានធ្វើប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្ន ដោយស្របតាមបទប្បញ្ញត្តិនានានៃច្បាប់អន្តរជាតិ ហើយមិនបានបំពានដែនអាកាសរបស់ប្រទេសដទៃណាមួយឡើយ»។

សូមបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 និង Tu-160 គឺជាឆ្អឺងខ្នងនៃកងកម្លាំងវាយប្រហារនុយក្លេអ៊ែរ តាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី ដោយពួកវាត្រូវបានរចនាឡើងក្រោមគោលដៅនាំយកគ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើសហរដ្ឋអាមេរិក កាលពីសម័យសង្រ្គាមត្រជាក់។ ដោយឡែក កាលពីរសៀលថ្ងៃពុធផងដែរ ខាងយោធាកូរ៉េខាងត្បូង បានអះអាងថា ខ្លួន បានចល័តក្រុមយន្តហោះចម្បាំងឆ្លើយតប បន្ទាប់ពីយន្តហោះយោធាចិនចំនួន២គ្រឿង និងយន្តហោះយោធារុស្ស៉ីចំនួន៦គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណសម្រាប់ការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនបានរំលោភចូលដែនអាកាសអធិបតេយ្យរបស់កូរ៉េខាងត្បូងនោះទេ នេះបើតាមការផ្សាយរបស់ AFP ។