Social Network

ចិនថាខ្លួនបានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង នៅក្បែរទីប្រជុំកោះ Spratly នៃតំបន់សមុទ្រចិនខាងត្បូង

(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះយោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងបំពាក់មីស៉ីល១គ្រឿង របស់សហរដ្ឋអាមេរិក ដែលបានទន្ទ្រានចូលដោយខុសច្បាប់មកក្នុងដែនទឹក ក្បែរទីប្រជុំកោះ ស្ព្រែតលី (Spratly) នៃតំបន់សមុទ្រចិនខាងត្បូង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក ធាន ជុនលី (Tian Junli) អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងត្បូងរបស់កងទ័ពចិន បាននិយាយថា សកម្មភាពរបស់យោធាសហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសចិន ខណៈការទន្ទ្រានរបស់នាវាយោធាអាមេរិក បង្ហាញឱ្យឃើញថា ទីក្រុងវ៉ាស៉ីនតោនគឺជា អ្នកដែលបង្កើតហានិភ័យសន្តិសុខយ៉ាងពិតប្រាកដ នៅតំបន់សមុទ្រចិនខាងត្បូង ហើយជាភស្តុតាងជាក់ស្តែង នៃការសម្ញែងចេញអនុត្តរភាពរបស់ខ្លួន ក្នុងការធ្វើនាវាចរណ៍និងយោធូបនីយកម្ម នៃសមុទ្រចិនខាងត្បូង។

នាវាចម្បាំងអាមេរិកខាងលើមានឈ្មោះថា យូអេសអេស ឆានសេឡឺស្វៀល (USS Chancellorsville) ដែលថ្មីៗនេះទើបតែបានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ បញ្ហាតំបន់សមុទ្រចិនខាងត្បូង បានក្លាយជាបញ្ហាដ៏ក្តៅគគុកមួយ នៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ខណៈអាមេរិកបានបញ្ជូននាវាចម្បាំងឱ្យឆ្លងកាត់តំបន់សមុទ្រនេះ កាន់តែញឹកញាប់ឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕

ដកស្រង់ពី៖Fresh News