Social Network

NATO៖ «រុស្ស៉ីកំពុងប្រើរដូវរងា ជាអាវុធធ្វើសង្រ្គាមនៅអ៊ុយក្រែន» (Video inside)

(កៀវ)៖ អ៊ុយក្រែននៅថ្ងៃចន្ទសប្តាហ៍នេះកំពុងត្រៀមខ្លួន សម្រាប់ការវាយប្រហាររុស្ស៊ីប្រឆាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត ហើយបានព្រមានអំពីការជម្លៀសដែល អាចកើតឡើងចេញពីរដ្ឋធានីកៀវ។

នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេស្តូនី រួមជាមួយសមភាគីមកពីប្រទេសក្នុងបាល់ទិក និងបណ្តាប្រទេសអឺរ៉ុបខាងជើងចំនួន៦ផ្សេងទៀត បានបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីសន្យាផ្តល់ម៉ាស៊ីនភ្លើង សំលៀកបំពាក់កក់ក្តៅ និងអាហារ ដែលមានគោលដៅជួយប្រជាជនអ៊ុយក្រែនទប់ទល់នឹងខែដ៏ត្រជាក់បំផុតរបស់ពួកគេ។

លោក អ៊ួម៉ាស់ រ៉ែនសាលូ (Urmas Reinsalu) រដ្ឋមន្ត្រីការបរទេសអេស្តូនី បានថ្លែងនៅក្នុងទីក្រុងកៀវ យ៉ាងដូច្នេះថា «រុស្ស៊ីកំពុងបំពាក់អាវុធលើវិស័យសន្តិសុខថាមពលស៊ីវិល ហើយវាពិតជាគួរឲ្យអាម៉ាស់ណាស់»។ អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) ធ្លាប់បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានចេតនាប្រើប្រាស់ភាពត្រជាក់ ព្រិល និងទឹកកក ដើម្បីជាប្រយោជន៍មិនត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ីបានទម្លាក់គ្រាប់មីស៊ីលដ៏ធំទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន រៀងរាល់សប្តាហ៍ចាប់តាំងពីដើមខែតុលាមក ដោយបង្កការខូចខាតធ្ងន់ធ្ងរខណៈរដូវរងាខ្លាំងក៏បានចូលមក។ ថ្មីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា កងទ័ពរុស្ស៊ីកំពុងរៀបចំការវាយប្រហារថ្មី ហើយដរាបណាពួកគេមានមីស៊ីល ពួកគេនឹងមិនបញ្ឈប់ឡើយ៕

 

ដកស្រង់ពី៖Fresh News